ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរ ភារកិច្ច ប្រធានផ្សារ២រូប នៅខណ្ឌទួលគោក ដោយក្នុងនោះតម្រូវឲ្យប្រធានផ្សារដេប៉ូ ទៅធ្វើជាប្រធានផ្សារដើមគរ ហើយប្រធានផ្សារដើមគរ ត្រូវមកធ្វើជាប្រធានផ្សារដេប៉ូវិញ។
យោងតាមសេចក្ដីសម្រេច ស្តីពីការផ្លាស់ប្តូរភារកិច្ច លេខ២៦៧ សសរ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ បានតម្រូវឲ្យ លោក សេង សារ៉ន ត្រូវផ្លាស់ ពីប្រធានគណៈគ្រប់គ្រងផ្សារដើមគរ មកជាប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ ហើយលោក ឈួន ឆាយារិទ្ធ ដែលជាប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ មកជាប្រធានគណៈគ្រប់គ្រងផ្សារដើមគរវិញ។
មន្រី្តសាលារាជធានីភ្នំពេញមួយរូបដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះប្រាប់ថា នេះជាចំណាត់ការរបស់លោក អភិបាលរាជធានីភ្នំពេញដើម្បីកែទម្រង់ការងារដឹកនាំរបស់អង្គភាពនីមួយៗកាន់តែប្រសើរឡើងតែប៉ុណ្ណោះ ជាពិសេស កុំឲ្យលោកប្រធានគណៈកម្មការផ្សារនីមួយៗ ក្លាយជាស្ដេចត្រាញ់៕ ប្រសើរ
