គ្រោងដោះដូរដី សាលាខណ្ឌដូនពេញ មានតម្លៃទាបជាងហាងឆេង ?

ភ្នំពេញ៖ប្រភពព័ត៌មានពីសាលារាជធានីភ្នំពេញបាននិយាយឲ្យដឹងថា  ក្នុងកិច្ចប្រជុំករណីដោះដូរទីតាំង និង សាងសង់សាលាខណ្ឌដូនពេញថ្មីផ្លូវលេខ៩០កែង៦១ រវាងតំណាងក្រុមហ៊ុនឯកជន និង លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញកាលពីពេលថ្មីៗកន្លងទៅនេះ    បានសម្រេចឲ្យអាជ្ញាធរខណ្ឌដូនពេញត្រូវតែរុះរើចេញពីអគារដែលកំពុងបម្រើការសព្វថ្ងៃ   ទៅនៅទីតាំងថ្មីជាបណ្ណោះអាសន្នឲ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ  ដើម្បីក្រុមហ៊ុនយកទីតាំងនេះធ្វើការសាងសង់អគារថ្មីជូនសាលាខណ្ឌវិញ។

មន្ត្រីសាលារាជធានីលួចបង្ហើបឲ្យដឹងថាមិនទាន់មានលិខិតផ្លូវការណាមួយ   ត្រូវបានសាលារាជធានីភ្នំពេញ ចេញតម្រូវឲ្យសាលាខណ្ឌដូនពេញរុះរើទៅនៅកន្លែងផ្សេងនៅឡើយទេ គឺគ្រាន់តែមានការឯកភាពគ្នារវាងក្រុមហ៊ុន និង មន្ត្រីដឹកនាំការប្រជុំ   បន្ទាប់ពីមានការជម្រុញម្តងហើយម្តងទៀត  ពីភាគីក្រុមហ៊ុនដែលចង់បានដីមានតម្លៃខ្ពស់នេះមកគ្រប់គ្រងប៉ុណ្ណោះ។

យោងទៅតាមការប្រជុំកាលពីក្នុងខែមីនាឆ្នាំ២០១៦   របស់សាលារាជធានីភ្នំពេញ   ជាមួយនឹងតំណាងក្រុមហ៊ុនពាក់ពន្ធ័នឹងការទិញលក់ដីសាលាខណ្ឌដូន ពេញបន្តគ្នានេះ  ក្រុមហ៊ុនហ្វ៊ុល អហ្វ អេស៊ីសអ៊ិនវេសមិននិងឌឺវេឡុបម៉ិន  ដែលជាក្រុមហ៊ុនទិញតចុងក្រោយគេ    បានសុំសិទ្ធិគ្រប់គ្រងនិងសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីសាលាខណ្ឌដូនពេញទំហំ ១៤៨៦ម៉ែត្រក្រឡា    ដោយទុកឲ្យសាលាខណ្ឌដូនពេញនៅសល់ផ្ទៃដីទំហំតែ៦០០ម៉ែត្រឡាតែប៉ុណ្ណោះ។

ទីតាំងសាលាខណ្ឌដូនពេញ     ត្រូវបានគេទិញលក់បន្តគ្នាដោយមានក្រុមហ៊ុនត្រេឌីង ក្រុមហ៊ុនអ៊ីមផត ខូអិលធីឌី និងចុងក្រោយគេគឺធ្លាក់ដល់ដៃក្រុមហ៊ុនហ្វ៊ុល អហ្វ អេស៊ីសអ៊ិនវេសមិននិងឌឺវេឡុបម៉ិន។ តម្លៃដីដែលគេបានដាក់នៅក្នុងគម្រោងដោះដូរគឺថោកជាងតម្លៃនៅលើទីផ្សារខ្លាំងណាស់ ដែលតាមការវាយតម្លៃពីក្រុមហ៊ុនអចលនទ្រព្យមួយបានឲ្យដឹងថា    ដីនៅតំបន់សាលាខណ្ឌដូនពេញនេះ មួយម៉ែត្រការ៉េមានតម្លៃជាង ២.៥០០ដុល្លារ បាននយ័ថាដីសាលាខណ្ឌទាំងមូលមានតម្លៃប្រមាណជា៥លានដុល្លារ  ។  ឯអគារសាលាខណ្ឌដូនពេញ   ដែលគេគ្រោងធ្វើការសាងសង់ឲ្យថ្មី  ជាថ្នូរនឹងការកាត់យកអស់ជាងពីរភាគបីនៃទំហំដីជាង២.០០០ម៉ែត្រការ៉េមានកម្ពស់ច្រើនជាន់អស់ទឹកប្រាក់មិនដល់មួយលានដុល្លារទេ តែត្រូវបានគេបំប៉ោងតួលេខអស់ដល់ជាងមួយលានដុល្លារទៅហើយ តើលុយសល់ជាង៣លានដុល្លារទៀតគេយកទៅណា ?  ៕  ប្រសើរ

%e1%9e%81%e1%9e%8e%e1%9f%92%e1%9e%8c%e1%9e%8a%e1%9e%bc%e1%9e%93%e1%9e%96%e1%9f%81%e1%9e%89

 

 

Leave a Reply

Your email address will not be published. Required fields are marked *