


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ក្រាបចោរកាច់កម៉ូតូម្នាក់ និងដកហូតកាំភ្លើងខ្លីមួយដើម ព្រមទាំងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ ។
លោក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រាប់នៅព្រឹកនេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលស្ថិតក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋានផងដែរ ។
បើតាមនាយការិយាល័យរូបនេះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកាច់ករម៉ូតូប្រាកដមែន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយលួចម៉ូតូម៉ាក Zoomer ពណ៌ស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ បន្ថែមពីនេះជនសង្ស័យក៏បានធ្វើសកម្មភាព២លើកទៀតផងដែរ ដោយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវត្តភ្នំ សង្កាត់វត្តភ្នំ ដោយលួចគាស់រថយន្ដមួយគ្រឿង បានអាវុធខ្លីម៉ាករ៉ូឡូមួយដើម គ្រាប់៦គ្រាប់ និងលុយ២០ដុល្លារ ហើយនៅអំឡុងខែសីហា ឆ្នាំ២០១៧ ជនសង្ស័យក៏បានធ្វើសកម្មភាពលួចម៉ូតូ XR ១គ្រឿងផងដែរ ប៉ុន្ដែមិនបានសម្រេចក៏ត្រូវម្ចាស់គេតាមទាន់ ។
ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ដ៕បញ្ញា