ភ្នំពេញៈ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបង្រា្កបទីតាំងល្បែងស្ទួចខ្លងប្រេងកូឡា គ្មានច្បាប់អនុញ្ញាត មួយកន្លែង និងបានឃាត់ខ្លួនស្ត្រីម្នាក់ ជាម្ទាស់ទីតាំង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់ស្នាក់នៅបុរី ប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មន្រី្តនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា ស្រី្តសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ យឹម ច្រឹប អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡាចំនួន៣, ដងស្ទួចខ្លងប្រេងកូឡាចំនួន២ដើម, គ្រាប់ខ្លង ប្រេងកូឡាចំនួន២៤គ្រាប់, ក្រណាត់កៅស៊ូ ក្រាលសម្រាប់ចាក់លេខ ១ផ្ទាំង, លុយ ២៦ម៉ឺនរៀល, ខ្សែដៃប្លាទីន១ខ្សែ, កងដៃប្លាទីន៤កង, ចិញ្ជៀនមាស៤វង់, ចិញ្ជៀនប្លាទីន១វង់ មានដាំត្បូងពណ៌ស, ខ្សែជើងកាឡៃ២ខ្សែ និងក្រវិលកាឡៃ១គូផងដែរ។
ស្រី្តសង្ស័យរូបនេះត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ខណៈ អ្នកមកលេងល្បែងជាច្រើននាក់ទៀតដឹងខ្លួនមុនបាននាំគ្នារត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចចុះទៅបង្រ្កាប ៕ អូន ធួក
