





ខេត្តរតនគិរី ៖ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវស្ត្រីម្នាក់ជួលឌុបទៅផ្លូវឆ្ងាយហើយស្ងាត់ ស្មានតែស្រីមិនចេះប្លន់ មានអីត្រូវមួយកាំបិតចំកញ្ចឹងករ របួសយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ នី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យត្រូវកម្លាំងនគរបាលតាមស្រាវចាប់បានមានឈ្មោះ ផាន់ ស៊ីណាត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ.ឡាវ រស់នៅភូមិប៉ាកាឡាន់ ឃុំប៉កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យស្រីឈ្មោះ ផាន់ ស៊ីណាត ជួលឌុបពីក្រុងបានលុង ទៅស្រុកវើនសៃក្នុងតម្លៃ៣ម៉ឺនរៀល។លុះមកដល់កន្លែងស្ងាត់ជិតទីរួមស្រុកវើនសៃ ជនសង្ស័យក៏ប្រាប់ឲ្យតៃកុងម៉ូតូឈប់ដើម្បីចុះបត់ជើង ខណៈដែលម៉ូតូបន្ថយល្បឿនបំរុងឈប់។ភ្លាមៗនោះជនសង្ស័យក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយ ចាក់ជនរងគ្រោះចំកញ្ចឹងក ពីក្រោយបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយក៏ជិះម៉ូតូរត់បានចម្ងាយ ១៦គីឡូម៉ែត្រ ដោយឈាមហូរច្រើនពេកក៏ឈប់ ហើយពឹងឲ្យគេជួយហៅរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលកើតហេតុកម្លាំងជំនាញអធិការនគរបាលស្រុកវើនសហការជាមួយកម្លាំងនគរបាលខេត្តចុះស្រាវជ្រាវរក រហូតដល់ម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែលទើបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ដកហូតបានកូនកាំបិតចុងស្រួចប្រឡាក់ឈាម១ ស្បែកជើងពីរគូរ(ចាស់១គូរ ថ្មី១គូរ)ជារបស់ជនសង្ស័យ។
បច្ចុប្បន្ននេះកម្លាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ កំពុងសាកសួរកសាងសំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការបន្ត៕សារ៉េត