ភ្នំពេញ៖ បុរសម្នាក់ទុកម៉ូតូនៅខាងមុខការដ្ឋានសាងសង់ដើម្បីឡើងទៅខាងធ្វើការ ត្រូវជនសង្ស័យម្នាក់ទៀតជាជនជាតិវៀតណាមមកធ្វើសកម្មភាពលួចជិះម៉ូតូយកទៅ អស់លក្ខណ៍ជាប់អន្ទាក់ម្ចាស់ម៉ូតូដេញតាមចាប់បានប្រគល់អោយនគរបាលខណ្ឌច្បារអំពៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទី នៅមុខផ្ទះលេខ២៥ (បុរីជ័យ ឧត្តម) ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ស៊ឹម ចាន់រ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ចំណែកឯជនសង្ស័យឃាត់ខ្លួនឈ្មោះ ង្វៀង យ៉ាំងដុង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរ ដេរ ស្បែកជើង ស្នាក់នៅភូមិដើមចាន់សង្កាត់ច្បារអំ ពៅទី២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ខ្លួន(ជនរងគ្រោះ)បានយកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BX-០៣៣៣ លេខ ម៉ាស៊ីន ១៩៣២៩៦៨ លេខតួគ្មាន ទុកនៅចំណុចកើតហេតុ រួចដកកូនសោរម៉ូតូចេញ និងបិទបេនសាំង ហើយឡើងទៅធ្វើសំណង់នៅជាន់ទី១ ពេលនោះជនសង្ស័យបានលួចម៉ូតូខ្លួន(ជនរងគ្រោះ)ជិះចេញ ក៏ត្រូវបានអ្នកធ្វើសំណង់ជាមួយឃើញស្រែក ចោរៗ រួចនាំគ្នាដេញតាម ពេលនោះជនសង្ស័យជិះមកដល់មុខវត្តវៀតណាម ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ ម៉ូតូអស់សាំង ក៏ត្រូវបានខ្លួននឹងបក្ខពួកតាមទាន់ចាប់ ឃាត់ខ្លួនរួមនិងវត្ថុតាង ប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕សារ៉េត