ចោរប្រើដាវ និងកាំភ្លើងខ្លី ធាក់ផ្តួលម៉ូតូជនរងគ្រោះ យកទៅបាត់ នៅសង្កាត់ស្រះចក

ភ្នំពេញៈ ក្រុមចោរបានធ្វើសកម្មភាពប្លន់យកម៉ូតូ Zoomer X ពីបុរសម្នាក់ បានសម្រេច កាលពីវេលាម៉ោង៣និង១០នាទី ទៀបភ្លឺថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅម្តុំស្តុបនាគវ័ន តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួលម្ដុំទំនប់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែក ជនសង្ស័យមានគ្នា៧នាក់ (ប្រុស) ជិះម៉ូតូ៣គ្រឿងម៉ាក និច ពណ៌ស ម៉ាក ស៊ុយស៊ូគី លែត ពណ៌ស ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ប្រដាប់ដោយដាវ និងអាវុធ បានប្លន់យកម៉ូតូម៉ាក Zoomer X មួយគ្រឿង និងទូរស័ព្ទ Samsung ១គ្រឿងបានសម្រេច។

ជនរងគ្រោះបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីកន្លែងធ្វើការ នៅខាងក្រោយវិទ្យាល័យបាក់ទូក បំណងទៅផ្ទះដោយជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពាក់ស្លាកលេខ (ចាំតែ 7320)។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៧នាក់ ជិះម៉ូតូ៣គ្រឿង មកពីក្រោយ ហើយធាក់ម៉ូតូរបស់ខ្លួនឲ្យដួល រួចទាញដាវ និងកាំភ្លើងខ្លីមួយដើម(មិនស្គាល់ម៉ាក) មកភ្ជង់ទៅលើជនរងគ្រោះ រួចវាយមួយដៃចំមុខ និងលើកយកម៉ូតូរបស់ខ្លួន និងទូរស័ទ្ទដៃមួយគ្រឿងម៉ាក Samsung ទៅបាត់ដោយសុវត្ថិភាព។

ក្រោពេលកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍​នគរបាលរដ្ឋបាលស្រះចក ប៉ុណ្ណោះ៕  អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *