ជនជាតិ​អូស្ត្រាលី​វ័យ៧១ម្នាក់ដេកស្លាប់ក្នុងផ្ទះជួល

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានបុរស​ជា​ជនជាតិ​អូស្ត្រាលី​វ័យចំណាស់ម្នាក់ដែលមាន​ជំងឺ​រ៉ាំរ៉ៃយូរមកហើយ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួលបង្កឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៥​និង១០នាទីល្ងាច ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ជួល​លេខ​១៤A ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសព​ជន​រង​គ្រោះ​មានឈ្មោះ SAVAGE BARRY GEORGE ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជនជាតិ​អូស្ត្រាលី មុខ​របប​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ប្រពន្ធ​ឈ្មោះ ឡាយ សុខ​លៀង ភេទ​ស្រី អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត នៅ​ខេត្តកំពង់ធំ ​។

​សមត្ថកិច្ច​ដដែលបានឲ្យដឹងតាមការបំភ្លឺរបស់សាក្សីជាបងថ្លៃជនរងគ្រោះថា នៅ​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល រូប​គាត់​កំពុង​តែ​ងូតទឹក​នៅ​ឯ​ផ្ទះ​ជួល​នៅ​ចម្ការ​ដូង​ខណ្ឌដង្កោ។ពេល នោះ​ស្រាប់តែ​ប្រពន្ធ​របស់​ជន​រង​គ្រោះ ហើយ​ត្រូវជា​ប្អូន​របស់​គាត់​បង្កើត បាន​​ទូរ​សព្ទ័​ពី​ខេត្តកំពង់ធំ​ឲ្យ​ទៅមើល​ប្តី​របស់​គាត់​ ​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ផងព្រោះប្អូនស្រី​ជា​ប្រពន្ធ​បាន​ទូរ​សព្ទ័​ទៅ​ប្តី​ចូល​តែ​គ្មាន​អ្នក​ទទួល។ ពេលទទួលដំណឹងនេះភ្លាមទើប​រូប​គាត់​ជា​បងថ្លៃ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ជួល​មើល​ជន​រង​គ្រោះ​​។

សាក្សីរូបនេះបានឲ្យដឹងទៀត​ថា បន្ទាប់​ពី​មក​ដល់​ផ្ទះ​ជួល​ហើយ  រូប​គាត់​ជា​បងថ្លៃ​បាន​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​ជួយ​ឡើង​ទៅ​មើល​ផ្ទះ​ជួល ក៏​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហ ហើយ​បើក​ទូរទស្សន៍​ចោល ឃើញ​ដូចនេះ​រូប​គាត់​បាន​ចូល​ទៅ​មើលដល់ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ បាន​ដេក​ផ្អៀង​លើកម្រាលឥដ្ឋមាន​ឈាម​ហូរ​តាម​ច្រមុះ និង​មាន​ស្នាម​ឈាម​ច្រាល​ពេញ​ខ្លួននៅសល់តែខោខ្លីគួរឲ្យតក់ស្លុតណាស់។ភ្លាមនោះរូប​គាត់ក៏បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ​ដែល​នៅ​ក្បែរ​នោះ​ឲ្យ​មក​មើល លុះ​គ្រូពេទ្យ​មក​ដល់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។បន្ទាប់មករូប​គាត់​និង​ម្ចាស់ផ្ទះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល និង​ទំនាក់ទំនង​ទៅ​ជំនាញចុះទៅធ្វើកោសល្យ​វិ​ច័យ ហើយបានស្និដ្ឋានថាជន​រង​គ្រោះ​ស្លាប់​ដោយ​​ដាច់​សរសៃឈាម ម្យ៉ាងជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផង​នោះ​ទើប​កើតជា​បញ្ហា​បែប​នេះ​ហើយ​សមត្ថកិច្ចបាន​ដឹកសព​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​សូ​វៀត​ រង់ចាំត្រួតពិនិត្យ ធ្វើបែបបទជាថ្មីជាមួយស្ថានទូតអូស្រ្តាលី៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *