




ភ្នំពេញ៖ បុរសភេទទីបីម្នាក់ក្នុងចំណោមបក្ខពួក៣ទៅ៤នាក់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់ប្រគល់ ឲ្យកម្លាំងនគរបាល បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចលូកហោប៉ៅយកកាបូបលុយរបស់ បុរសជនជាតិបរទេសម្នាក់ឈប់ម៉ូតូនិយាយទូរសព្ទ័នៅផ្លូវវេងស្រេងបានសម្រេចរួចនាំគ្នារត់គេចខ្លួន ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០ នាទីយប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេងក្បែ សួនឧស្សាហកម្មវឌ្ឍនៈ ឋិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលជាភេទទីបីនោះមានឈ្មោះ អន យឿន អាយុ២៧ឆ្នាំមុខមិនប្រាកដស្នាក់នៅបុរី វ៉ារី ណា សង្កាត់ស្ទឹងមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះ IGBOELI ODiRA ភេទប្រុសអាយុ៣០ឆ្នាំមុខរបរគ្រូបង្រៀន ស្នាក់នៅបុរីចំការដូងខណ្ឌដង្កោ។
តាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ17.1-4339 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុទូរសព្ទ័របស់ខ្លួនមានគេតេចូលក៏បានឈប់ម៉ូតូដើម្បីនិយាយស្រាប់តែមានក្រុមភេទទីបីចំនួន៣ទៅ៤នាក់មកអោបរឹតភ្លាមៗនោះខ្លួនបានស្ទាបហោប៉ៅបាត់កាបូបក៏ស្រែកឆោឡោហើយរត់ដេញចាប់ បានម្នាក់ប្រគល់អោយកម្លាំងនគរបាល។
តាមប្រភពដដែលបានបន្តទៀតថា នៅក្នុងកាបូបមានលុយដុល្លា ចំនួន២៧៥ដុល្លាកាតអេធីអឹម និងលុយខ្មែរមួយចំនួនទៀត ។ក្រោយមកមានអ្នករត់រម៉កម៉ូតូកង់បីរើសបានយកមកអោយវិញតែបាត់លុយអស់រលីង ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ធ្វើការសាកសួរ និងណែនាំជនរងគ្រោះអោយព្រឹកមកដាក់ពាក្យបណ្ដឹង ៕បញ្ញា