ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបាន បើកបុករថយន្តឡិចស៊ីស នៅចំណុចផ្លូវកែង បណ្ដាលឲ្យខ្ទេចរថយន្ត ស្រាប់តែអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួន ទើបសមត្ថកិច្ចឃើញនៅក្នុងរថយន្តសុទ្ធតែឈើប្រណិត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវហាណូយ កែងនិងផ្លូវសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២៥១៧ ជារថយន្តច្នៃដោះកៅអីខាងក្រោយចេញដឹកឈើប្រភេទធ្នង់ពេញរថយន្ត ហើយបិទកញ្ចក់ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំទៅផ្លូវសម្តេច ជា ស៊ីម ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស LX470 ពណ៌ស អត់ចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងក្នុងល្បឿនលឿន រួចក៏បានបត់ឆ្វេងទៅផ្លូវ សម្តេច ជា ស៊ីម ទៅបុករថយន្តខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតយ៉ាងដំណំ ហើយព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯរថយន្តកាមរីបាឡែន រងការខូចខាតកំពឹតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះអ្នកបើកបរបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តដឹកឈើប្រណិតពេញរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ ធ្វើការស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនិងចាត់ការតាមច្បាប់ពេលក្រោយ ៕ អូន ធួក
