





ភ្នំពេញ ៖ បុរសម្នាក់បានចេញពីផឹកសុីស្រវឹងស្រាឡើងជោកជាំ ហើយជិះម៉ូតូយ៉ាងលឿនជ្រុលទៅប៉ះដៃចង្កូតជាមួយរថយន្តដែលបើកនៅពីមុខ ហើយរេជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះស្របទិសគ្នានៅពីមុខ បណ្ដាលអោយដួលរងរបួសធ្ងន់ខ្លួនឯង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុច មុខវិទ្យាល័យ ជា សុីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើ បានប្រាប់អោយដឹងថា នៅមុនពេល កើតហេតុបុរសរងគ្រោះបានជិះម៉ូតូMX-125 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GN-1651តែម្នាក់ឯង បានធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាឡើងជោកជាំផង ក៏បានវ៉ាជ្រែងរថយន្តមួយគ្រឿងមិនចាំម៉ាកនៅពីមុខ ហើយបានទាក់ដៃចង្កូតជាមួយរថយន្ត បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-1155 ដែលធ្វើដំណើនៅពីមុខ ក៏ដួលម៉ូតូទាំង២គ្រឿងតែម្ដង ធ្វើឲ្យភាគីខាងម៉ូតូMX-125ដែលជិះទៅបុកគេនោះរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ចំណែកភាគីខាងម៉ូតូZOOMER X រងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗ ភាគីខាងរថយន្តដែលជនរងគ្រោះជិះម៉ូតូទាក់ដៃចង្កូតនោះ បានបន្តដំណើទៅបាត់ ដោយទុកជនរងគ្រោះដេកដួលនៅនិងកន្លែងកើតហេតុ ។ បន្ទាប់មក ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន ដឹកយកទៅសង្គ្រោះ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុតែភាគីទាំងសងខាងមិនអោយសមត្ថកិច្ចជួយអន្តរាគមន៍ទេគឺសុំចរចារគ្នាដោយមិនពឹងសមត្ថកិច្ច ៕បញ្ញា