




ភ្នំពេញ ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ ដោយមាន សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារសាលាខណ្ឌ បានរួមសហការគ្នាដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនៅចំណុចលូរ៥ លើដងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ។ ក្នុងអំឡុងពេលដែលត្រួតពិនិត្យនោះ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកសង់បុិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-7138 បានឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់សមត្ថកិច្ច ក៏ត្រូវបានកម្លាំងចម្រុះខណ្ឌមានជ័យហៅឈប់ធ្វើការត្រួតពិនិត្យ ហើយក៏រកឃើញនូវថ្នាំញៀនចំនួន៦កញ្ចប់តូចនៅជាប់និងខ្លួនតែម្ដង ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានប្រាប់អោយដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ឌឹម លីហេង ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាងផ្សារដែក ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមសម្ដីជនសង្ស័យខាងលើបានសារភាពថា រូបគេបានទិញថ្នាំញៀនចំនួន៦កញ្ចប់ ក្នុងតម្លៃ៣០ដូល្លា (1កញ្ចប់5$) នៅម្ដុំកាណាសុីធី ជាប់ផ្លូវវេងស្រេង ហើយយកទៅជក់ជាមួយមិត្តភ័ក្រ្ត៥ទៅ៦នាក់នៅផ្ទះជួល តែមិនបាន និងប្រើប្រាស់ផង ក៏ជាន់ខ្នោះសមត្ថកិច្ចពេលជិះម៉ូតូឆ្លងកាត់កន្លែងត្រួតពិនិត្យតែម្ដង ។
ក្រោយមក ជនសង្ស័យខាងលើរួមទាំងវត្ថុតាំង ត្រូវបានកម្លាំងចម្រុះខណ្ឌមានជ័យ បញ្ចូនមកប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសាណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់ ៕បញ្ញា