ឈប់​រថយន្ត​លើ​ទ្រូង​​ផ្លូវ​ត្រូវ​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​

 

 
ភ្នំពេញ​៖​រថយន្ត​មួយ​គ្រឿង​បើក​ឈប់​លើ​ទ្រូង​​ផ្លូវ​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​០៥៖១០នាទី​ព្រឹក​ថ្ងៃទី​១៤ខែ​តុលា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវទំនប់កប់ស្រូវ​ក្នុង​ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

សាកសព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ត្រេន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដោយ​បើក​បរ​ម៉ូតូម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7419។​ចំណែកឯ​អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ដោយ​បើកHINO ពណ៌​ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7615។​

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​​ឈប់​នៅ​លើ​ទ្រូង​ផ្លូវ​​។បន្ទាប់​មក​ក៏​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​ឈប់​នោះ​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង​ទៅ​។ដោយ​ឡែក​អ្នក​បើក​បរ​រថយន្ត​ឃើញ​ហេតុ​ការណ៍​ដូច្នោះ​បាន​រត់គេចខ្លួន​បន្សល់ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។

ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនងទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​វាស់វែង​និង​យក​រថយន្ត​បង្ក​ហេតុ​ហើយ​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ឯ​ស្នង​ការ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *