មានរឿង​បន្តិច​បន្តួច​ក្នុងគ្រួសារប្ដីយកកូនទៅស្រុកកំណើតប្រពន្ធតាមទាន់ផ្អើលតាមផ្លូវ

 

 

 

 

ភ្នំពេញ៖ ស្រ្តីម្នាក់បានដេញតាមដណ្ដើមកូនប្រុសពីប្ដី រហូតមានការប្រវាយប្រតប់គ្នាកើតឡើងយ៉ាងខ្លាំងនៅតាមដងផ្លូវ ដោយបានចោទថាប្ដីលួចកូនរត់គេចចេញពីរូបនាង ក្រោយពេលដែលមានរឿងរកាំរកូសជាមួយគ្នាកើតឡើងនៅក្នុងរង្វង់គ្រួសារប៉ុន្មានថ្ងៃកន្លងមកនេះ។ដែលការប្រទូស្ដរាយគ្នានោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីមុខអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្ដីឈ្មោះសាំង សំណង អាយុ៤០ឆ្នាំមានស្រុកកំណើតនៅក្នុងឃុំសុភី ស្រុកបាទី ខេត្តតាកែវ។ និងប្រពន្ធឈ្មោះស្រី ស អាយុ៣៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅម្ដុំជិតមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ។អ្នកទាំង២នាក់នេះមានកូនប្រុសម្នាល់ឈ្មោះសាំង ម៉ារ៉ានី អាយុទើបបាន៦ខែប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​បានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនោះរៀបការជាមួយគ្នា១០ឆ្នាំមកហើយ ប៉ុន្តែទើបតែបង្កើតបានកូនប្រុសអាយុ៦ខែម្នាក់នេះតែប៉ុណ្ណោះ ដោយប្រពន្ធមានមុខរបរជាជាងអ៊ុតសក់ ចំណែកប្ដីកាលពីមុនជាជាងធ្វើស្លាកលយីហោ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះប្ដីគ្មានមុខរបរធ្វើទេ។ដែលជាហេតុធ្វើឲ្យជីវភាពគ្រួសារមានការខ្វះខាត ហើយដោយសារតែគ្មានលុយចាយវាយ ប្រពន្ធបានសុំប្ដីទៅធ្វើជាស្រីបម្រើនៅក្នុហាងខារ៉ាអូរខេមួយ ប៉ុន្តែត្រូវបានប្ដីបដិសេធន៏មិនព្រមឲ្យធ្វើឡើយ ទើបមានទំនាស់កើតឡើងរហូតដល់ការចែកផ្លូវគ្នា ប៉ុន្តែមិនបានទៅប្ដឹងដល់អាជ្ញាធរភូមិឃុំ ឬតុលាការឡើយ។

តាម​ប្រភពដដែលបានបន្តទៀតថា ក្រោយពេលបែកផ្លូវគ្នាអ្នកទាំងបានដណ្ដើមគ្នា យកកូនទៅគ្រប់គ្រងរៀងៗខ្លួន ដោយឡែក នៅមុនពេលកើតហេតុបុរសជាប្ដីបានលួចយកកូនប្រុស ជិះម៉ូតូរត់គេចខ្លួនទៅកាន់ស្រុកកំណើតនៅខេត្តតាកែវ។ពេលនោះនាងជាប្រពន្ធបានជិះម៉ូតូឌុបដេញតាមទាន់ នៅចំណុចមុខអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ហើយបានដណ្ដើមកូនគ្នាបណ្ដាលឲ្យមានការភ្ញាក់ផ្អើលតាមផ្លូវយ៉ាងខ្លាំង បន្ទាប់មកនគរបាលប៉ុស្ដិ៍កាកាប បានចុះទៅអន្តរាគមន៍នាំអ្នកទាំង២ទៅកាន់ប៉ុស្ដិ៍ ហើយពួកគេក៏បានសម្រួលគ្នា ដោយសុខចិត្តរស់នៅជាមួយគ្នាវិញ រីឯប្ដីបានសន្យាថានិងរកស៊ីចិញ្ចឹមប្រន្ធ មិនឲ្យនាងទៅធ្វើជាស្រីបម្រើហាងខារ៉ាអូខេឡើយ៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *