នាយអគ្គស្នងការ​នគរ​បាល​ជាតិ​ជំរុញឲ្យប្តឹងចោរឆក់ពីបទប៉ុនប៉ងមនុស្សឃាតមួយករណីទៀត

ភ្នំពេញ៖ ថ្លែងនៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការវិវត្តន៍​នៃ​សភាព​ការ​ថ្មីៗ ដោយមាន​ការចូលរួម​ពី​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជំរុញឲ្យ​ដាក់​ពាក្យបណ្តឹង​ប្តឹង ចោរឆក់ តាមផ្លូវ​សាធារណៈ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​មួយកម្រិត​ទៀត ខណៈ​ការអនុវត្ត​កន្លងទៅ​មានទោស​តិចតួច​ដែលជា​កត្តា​ធ្វើ​ឲ្យ​ជនល្មើស​បានចិត្ត​និង​ធ្វើ​សកម្មភាព​បែបនេះជនសង្ស័យនៅតែប្រព្រឹត្ត​ដដែល​ជា​ដដែលមិនញញើត​នោះ​។

ក្រោយពី​កិច្ចប្រជុំ​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការ​នគរបាលជាតិ បាន​ប្រាប់អ្នកយកព័ត៌មានថា នៅក្នុង​កិច្ចប្រជុំ​នាព្រឹកនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងប្រាប់​ដល់​ភាគី​ចូលរួម​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ទាក់ទង​នឹង​ករណី​ឆក់ ខណៈ​ដែល ​បច្ចុប្បន្ននេះ បទល្មើស​ឆក់​នេះ​បានកើត​ឡើងជា​ញឹកញាប់ ហើយ​ករណីខ្លះ​បានធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិតទៀតផង។  នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ក៏បាន​ជំរុញ​ឲ្យជនរងគ្រោះ​មានការ​ប្តឹង​ដល់​ជនល្មើស​មួយកម្រិត​ទៀត ពីបទប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏បានបញ្ជាក់បន្ថែមថា នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ជំរុញដល់​ស្នងការ​នគរបាល​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​សកម្មភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​ឲ្យ​ដូច​ភ្លៀងរលឹម​ដើម្បី​ធ្វើយ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ខិតខំ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ផ្តល់​ភាពកក់ក្តៅ​ដល់​ពួកគាត់ព្រមទាំងបាន​ប្រាប់​ដល់​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀមកម្លាំង​ឲ្យ​បាន​គ្រប់ពេល និង​គ្រប់​គោលដៅ​ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិភាព​នៅកម្ពុជា ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *