ភ្នំពេញ: ប្រជាពលរដ្ឋជាអ្នកនេសាទត្រីបានប្រទះឃើញសាកសពយុវជនម្នាក់អណ្ដែតទឹកតាមដងទន្លមេគង្គកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ខែ តុលាឆ្នាំ ២០១៧ នៅច្រាំងទន្ល ភូមិតាព្រហ្ម ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលរួចនាំគ្នារាយការណ៍ទៅ កាន់ អាជ្ញាធរដែនដីភ្លាមៗ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម ក៏ ចាត់កម្លាំងជួលទូកអ្នកនេសាទអូសសពមកច្រាំងទន្លេ ដើម្បីធ្វើកោសល្យវិច័យ គួបជួនក្រុមគ្រួ សារដែលបានស្វែងរកសពចំនួន៣ថ្ងៃមកហើយនោះទៅដល់អះអាងថា ជាសពកូនប្រុស របស់ខ្លួនក៏យកសពទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីស្រស់ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមការបញ្ជាក់ពីបុរសឈ្មោះ ផល ភារិន ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរកម្មករដំឡើងប្រទីប មានទីលំនៅភូមិដើមស្លែងទី១ សង្កាត់ ច្បារអំពៅ២ ខណ្ឌមានជ័យ បានប្រាប់ថា សពនេះជាសពកូនប្រុសរបស់គាត់ ឈ្មោះ ស្រេង គឹមហួយ អាយុ ១៩ឆ្នាំ ស្នាក់នៅជាមួយគាត់ ដែលត្រូវទឹកគួចលង់ស្លាប់នៅវេលាម៉ោង ២និង ៣០ នាទី រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានធ្វើប្រទីបសម្រាប់បុណ្យអុំទូកនាថ្ងៃ ខាងមុខ ត្រង់ផែថ្មអមទន្លេសាប ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ គ្រាដែលសម្រាកពីការងារ ចុះទៅមុជទឹកជាមួយកម្មករ៣នាក់ទៀត ។ ក្រោយទឹកកួចយកទៅបាត់រយៈពេលជិត៣ថ្ងៃ រូបគាត់ជាឪពុក និងក្រុមគ្រួសារបានស្វែងរកសពកូនប្រុសគ្រប់ទីកន្លែង តែរកមិនឃើញហើយ ទើប តែមកដល់ព្រឹកថ្ងៃទី១៩តុលានេះមានគេទូរស័ព្ទប្រាប់ថា មានសពយុវជនអណ្តែតទឹកដល់សង្កាត់ព្រែកឯង នាំគ្នាទៅមើលក៏ស្គាល់ថាជាសពកូនប្រុសគួរឲ្យរន្ធត់ណាស់ ។
យ៉ាងណានៅកន្លែងកើតហេតុ គេឃើញស្រី្តជាម្តាយសពបានស្រែកយំទួញសោកគួរ ឲ្យស្រណោះ ដោយរៀងរាប់ថា ឆ្នាំមុនស្លាប់ម្តាយរបស់គាត់ មកដល់ឆ្នាំនេះស្លាប់កូនប្រុសពៅជាទីស្រលាញ់ស្មើជិវិតម្នាក់ទៀត ពិតជាព្រហ្មលិខិតមិនប្រណីឡើយ ៕អូន ធួក
