សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ជំរុញ​ផ្សព្វផ្សាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ គ្រាដែលគេដឹងថាអ្នកស្លាប់ក្នុងករណីនេះជាមធ្យម៤នាក់ក្នុងមួយថ្ងៃ

 

ភ្នំពេញ​ ៖​ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ប្រចាំត្រីមាស​ទី​៣​ នៅ​ល្ងាច​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៧​នេះ​ នៅទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បង្កើន​ការ​ជំរុញ​ការ​ផ្សព្វផ្សយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ ដើម្បី​រួមចំណែក​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍កើនឡើងតទៅទៀតជាពិសេស​ ក្រុមការងារ​ចុះ​មូលដ្ឋាន​ ធ្វើ​យ៉ាងណា​បញ្ជ្រាប​បញ្ហា​ចរាចរណ៍​នេះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ នៅ​ពេល​ដែល​ចុះ​ជួប​ប្រជាពលរដ្ឋ​។​

​          សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធទាំងអស់​ ធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​រិះរក​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​ចំពោះ​អ្នក​ជិះ​ម៉ូតូ​ផង​ដែរ​ ខណៈ​ដែល​ចំនួន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការ​ជិះ​ម៉ូតូ​នេះ​ មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះ។​

​          បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកវិញ​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ កើតឡើង​មាន​ចំនួន​៨២៤​លើក​ ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ៤២៦​នាក់​បាន​ស្លាប់​ និង​របួស​ចំនួន​១.២១៦​នាក់​។​

​       ជាការកត់សម្គាល់បណ្តារាជធានី​-​ខេត្ត​ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ រួម​មាន​៖​ រាជធានី​ភ្នំពេញ​,​ ខេត្តកណ្តាល​ និង​ខេត្តកំពង់ធំ​ ហើយ​ ជន​រង​គ្រោះជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ស្លាប់​ជាង​៤​នាក់​ ។​ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​ គឺ​បណ្តាល​មក​ពី​កត្តា​ល្បឿន​៣៦​ភាគរយ​,​ មិន​គោរព​សិទ្ធិ​ ១៧​ភាគរយ​ និង​មិន​ប្រកាន់​ស្តាំ​ ១៥​ភាគរយ​ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *