ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួច យកលុយខ្មែរចំនួន ៧,០០០,០០០រៀល ពីថៅកែងៀតគោឈ្មោះ ហ៊ាន យ៉េកឡាង ភេទស្រី អាយុ៤៤ឆ្នាំ កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៧ នាវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ នៅចំណុចសិប្បកម្មផលិតងៀតគោផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តទៅកាលពី វេលាម៉ោង ១រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះមានរយៈពេល៤ថ្ងៃទើបស្រាវជ្រាវតាមចាប់ខ្លួនបាន ។
ជនសង្ស័យមានឈ្មោះ លាង លឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសិប្បកម្មផលិតងៀតគោ ស្នាក់នៅក្នុងសិប្បកម្មផលិតងៀតគោផ្ទះលេខ ៣៥៣ ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យដែលស្នាក់នៅជាមួយរោងសិប្បកម្មរបស់គាត់បានលួចយកលុយខ្មែរចំនួន ៧,០០០,០០០រៀលរួចគេចខ្លួនបាត់ ទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ជួយស្រាវជ្រាវចាប់ជនសង្ស័យបាននៅរសៀលថ្ងៃទី១៩ ខែ តុលាឆ្នាំ២០១៧ ។
មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ សមត្ថកិចបានរឹបអូសពីជនសង្ស័យនូវ លុយខ្មែរចំនួន ៩៩,០០០០ រៀល , ម៉ូតូ១គ្រឿងម៉ាកMSX (ផលិតនៅតៃវ៉ាន់) ពណ៌ស ពាក់ស្លាកលេខ កណ្តាល1W-8691 ,ខ្សែកប្លាទីន១ខ្សែ ,ចិញ្ចៀនប្លាទីន១វង់ ,ទូរសព្ទដៃចាស់១គ្រឿង ដែលជារបស់ជនសង្ស័យលួចយកលុយរបស់ជនរងគ្រោះទៅទិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ អូន ធួក