ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបន្ទាប់ពីមានបុរសជនជាតិចិនម្នាក់បើករថយន្តទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈបត់ត្រឡប់ក្រោយមិនបានស៊ីញ៉ូភ្លើងឲ្យអ្នកជិះម៉ូតូដឹង ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិនម្នាក់វ័យជាង៤០ឆ្នាំបាន បើករថយន្តស៊េរីទំនើប Range roverមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2R-5949 ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៥៩៨ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវ ត្រឡប់ក្រោយដោយមិនបានផ្ត់ភ្លើងស៊ីញ៉ូជាសញ៉ា ក៏ត្រូវបានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-3414 ជិះដោយបុរសម្នាក់មានវ័យជិត៣០ឆ្នាំ ជិះក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរហើយ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកបុរសជនជាតិចិន ត្រូវរថយន្តមួយគ្រឿងទៀត មកដឹកចេញពីកន្លែងកើតហេតុភ្លាមៗ ដោយទុករថយន្ត និងម៉ូតូរងការខូចខាតទាំងសងខាងយ៉ាងដំណំនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានទៅដល់វាស់វែង ហើយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំភាគីទាំងពីរចូលខ្លួនធ្វើការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕ អូន ធួក