ភ្នំពេញៈមានករណីទុស្សេខ្សែភ្លើងនៅលើបង្គោលមួយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងសមត្ថកិច្ចចេញទៅធ្វើអន្តរាគមន៍ កាលពីវេលាម៉ោ៨និង៤៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវ១៩៩ កែងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកនោះ ខណៈមេឃកំពុងតែរលឹមស្រិចៗនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះខ្សែភ្លើងលើបង្គោល នៅតាមបណ្តោយផ្លូវខាងលើយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋខ្លះនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ដើម្បីទប់ស្កាត់ស្ថានការណ៍ជាបឋម និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយមករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ចេញមកអន្តរាគមន៍ ទើបភ្លើងរលត់ជាស្ថាពរ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ។
ករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ គ្រាន់តែខូចខាតខ្សែភ្លើង ខ្សែកាប និងខ្សែបណ្តាញអ៊ីនធឺណេតមួយចំនួនធំ ប៉ុណ្ណោះហើយករណីនេះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់មន្រ្តីអគ្គិសនី ដើម្បីចុះមករៀបចំតភ្ជាប់បណ្តាញជូនបងប្អូន ប្រជាពលរដ្ឋដើម្បីប្រើប្រាស់ឡើងវិញ៕អូន ធួក
