ស្រី្តអ្នកបោសសម្អាតរោងចក្រ ត្រូវរថយន្តបុកស្លាប់ ពេលកំពុងដើរលើចិញ្ចើមផ្លូវ

កណ្ដាល៖ ស្រ្ដី​ម្នាក់ខណៈដើរតាមផ្លូវតែឯង ត្រូវ​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បោះពួយ​យ៉ាង​លឿន​បុក​ពេញ​មួយទំហឹង បណ្ដាល​ឲ្យដួល​បោក​ទៅនិង​ផ្លូវ​ស្លាប់​ភ្លាមៗកាលពីវេលា​ម៉ោង​៥និង​១០នាទី​ព្រឹក ថ្ងៃ​ ទី២៦ ខែតុលា ឆ្នាំ២០១៧ នៅ​ផ្លូវជាតិ​លេខ៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ត្រង់ចំណុច​មុខ​ភូមិបូរី​កម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្កណ្ដាល ។

មន្រ្ដី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បានឲ្យ​ដឹងថា រថយន្ដ​បង្កមិន​ស្គាល់​ម៉ាក អ្នកបើក​បរមិនស្គាល់​អត្ដសញ្ញាណ បើក​រថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រមោល​ក្រោយពេល​កើតហេតុ ។ ចំណែក​ឯជន​រងគ្រោះស្លាប់​បាត់បង់​ជីវិតឈ្មោះ ថុត រី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ អ្នកសំអាត​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​បូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល មានស្រុក​កំណើត​នៅភូមិ​ព្រៃប្រាសាទ ឃុំដើមឫស្សី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា នៅមុន​ពេលកើត​ហេតុសាក្សី​បានឃើញ​ស្រ្ដីរង​គ្រោះជា​អ្នក​ថ្មើរ​ជើង ធ្វើដំណើរ​តាមចិញ្ចើម​ផ្លូវ លុះមក​ដល់ចំណុ​ចកើតហេតុ​ស្រ្ដីរង​គ្រោះបាន​ធ្វើដំណើរ​ឆ្លងផ្លូវ​ក្នុងទិស​ដៅពី​លេខទៅកើត ខណៈនោះក៏​មានរថយន្ដ​មួយគ្រឿង​មិនស្គាល់​ម៉ាក បើកក្នុង​ល្បឿនលឿន​មិនប្រុង​ប្រយ័ត្ន ក៏ជ្រុលទៅបុក​ស្រ្ដីរង​គ្រោះពេញ​មួយទំហឹង បណ្ដាល​ឲ្យដួលបោក​ទៅនឹង​ផ្លូវស្លាប់​ភ្លាមៗតែម្ដង រីឯរថយន្ដ​បាន​រត់គេច​ខ្លួនបាត់​ស្រមោល ។

ក្រោយពី​មានហេតុការណ៍​កើតឡើង កម្លាំង​សមត្ថកិច្ច​ចរាចរណ៍ស្រុក​បានចុះ​មកអន្ដរាគមន៍​ពិនិត្យ និងធ្វើ​ការវាស់​វែងកសាង​ឯកសារនិងបាន​ប្រគល់សព​ទៅឲ្យក្រុម​គ្រួសារធ្វើបុណ្យ​តាមប្រពៃណី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *