ខេត្តបាត់ដំបង ៖ ក្រុមចោរមាន៣នាក់ បាញ់គំរាមដោយកាំភ្លើងអាកា២ដើម គំរាមយកកាបូបលុយពីជនរងគ្រោះទាំងសងខាងដោយសុវត្ថិភាព កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី២៨ វិច្ឆិកា ស្ថិតត្រង់ចំណុចមុខវត្ត «ទួលព្រះខែ» ក្នុងភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាអ្នកទិញ-លក់ស្រូវទាំង២ ត្រូវគេស្គាល់ម្នាក់ឈ្មោះអ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំ (អ្នកទិញស្រូវ) មានទីលំនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង (ត្រូវចោរយកកាបូបមានលុយចំនួន៥ម៉ឺនបាត និងលុយខ្មែរ១០លានរៀល) និងម្នាក់ទៀតឈ្មោះមួង ស៊ីណាត អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល (ត្រូវចោរយកកាបូបមានលុយ៧ម៉ឺន៥ពាន់បាត, លុយខ្មែរ៥០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿង) ខណៈជនរងគ្រោះទាំង២បានណាត់គ្នាយកស្រូវចំណុចកើតហេតុខាងលើ ដោយថ្លឹងស្រូវរួចរាល់ឱ្យក្រុមកម្មករ២-៣នាក់ជញ្ជូនស្រូវដាក់លើរថយន្ត ។ មួយសន្ទុះក្រោយ ស្រាប់តែលេចមុខក្រុមចោរមានគ្នា៣នាក់ ចេញមកពីទិសខាងលិចប្រដាប់ដោយកាំភ្លើងអាការ២ដើម រត់មកភ្ជង់ពួកគាត់ ដោយបាញ់ផ្ចុចដីចំនួន៣គ្រាប់ ដើម្បីគំរាមយកលុយទៅបាត់ ៕ សម្បត្តិ