ភ្នំពេញ ៖ កម្លាំងជំនាញ របស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនមនុស្ស៥នាក់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីត្រៀមចែកខិត្តប័ណ្ណសេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញរបស់ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកម្លាំងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅចំណុចផ្ទះលេខE18 ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៥នាក់ រួមមាន ៖១-ឈ្មោះ ជីម សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃក្រាំង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត មុខងារជាសមាជិករណសិរ្សរំដោះជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ 110634291។ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ឈ្មោះខាងលើនេះ បានទទួលបញ្ជាពីឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ បានបញ្ជូនខិត្តប័ណ្ណដែលមានចំណងជើងថា ៖ ” សេចក្ដីអំពាវនាវត្រៀមធ្វើបាតុកម្ម ” ដែលជាប្រភេទក្រដាសរាមA4 តាមរយៈសារអេឡិកត្រូនិច ឲ្យទៅឈ្មោះ ជីម សាវឿន យកមកព្រីន និងCopy ដើម្បីយកទៅចែកចាយបន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ ។
២-ឈ្មោះ ដួងនន្តា អាន់ណាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិក្រាំង ឃុំពព្រាលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ មុខងារ ជាបុគ្គលិកក្រុមហ៊ុនថៃ កាន់លិខិតឆ្លងដែនលេខ N00128430 ។ ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះលេខ E18 នៅភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឈ្មោះខាងលើបានស្គាល់ឈ្មោះ យ៉ាត យ៉យ ដែលជាជំនួយការរបស់ឈ្មោះ សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ដែលបានបួសរៀននៅវត្តជាមួយ ក្នុងប្រទេសថៃ ហើយឈ្មោះ យ៉ាត យ៉យ បានប្រគល់សៀវភៅមួយក្បាលរបស់រណសិរ្សរំដោះជាតិខ្មែរ ដែលមានចំណងជើងថា ” អាថ៍កំបាំងរបស់ខ្មែរ ឫគល់ ៧មករា ” ដើម្បីទុកឲ្យខ្លួន(ដួងនន្ដា អាន់ណាន់ដា) ទុកមើល ។
៣-ឈ្មោះ ប្រាក់ សាន្ត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ( ជាម្ចាស់ផ្ទះ ) ។ មុខងារ យោធាការិយាល័យទី២ទ័ពជើងគោក អត្តសញ្ញាណប័ណ្ណលេខ 180709225 ។ មានទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ។
៤-ឈ្មោះ ឃួន តាំ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ មុខងារ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
៥-ឈ្មោះ ចិន សារិទ្ឋ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងខ្នា ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ មុខងារ អ្នកបើកបររថយន្តឲ្យឈ្មោះ ឃួន តាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 090801663 ។ ទីលំនៅបច្ចុប្បន្ន៖ នៅផ្ទះលេខD63 ភូមិបឹងសាឡាងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ក្នុងការឃាត់ខ្លួនអ្នកទាំង៥នាក់ខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវខិត្តប័ណ្ណរបស់រដ្ឋាភិបាលជាតិខ្មែរនិរទេស ចំនួន២៣សន្លឹក និងសៀវភៅ មានចំណងជើងថា ៖ ឫសគល់ ៧មករា ចំនួន១ក្បាលផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួររកបក្ខពួកដើម្បីចាប់ខ្លួនយកទៅអនុវត្តន៍នីតិវិធីបន្តទៀត ៕ តាឡឹម