



ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តធន់ធំមួយគ្រឿងដែល ឈប់ចតជួសជុលលើផ្លូវ មិនបានដាក់សញ្ញាសម្គាល់ និងគួបផ្សំផ្លូវងងឹតផងនោះ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ ៣០ ម៉ែត្រ មុខ សាលារៀនណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ជនរងគ្រោះ មានឈ្មោះ យឹម អេងស្រី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នបើកបរ នៅក្នុងអង្កការក្តីញញឹម នៃកុមារ មានស្រុក កំណើតនៅភូមិក្រឡា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាក POFO ប្រភេទ ធុនធំដឹកអុស ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0851 បានចតជួសជុល ទិសដៅក្បាលឡានទៅខាងត្បូង នៅចំណុចកើតហេតុខាងលើ និងមិនមានដាក់ស្លាកសញ្ញា ឲ្យបានត្រឹមត្រូវ និងផ្លូវងងឹត ។បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1-5338 ក្នុងទិសដៅពីជើងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះ បោកក្បាល និងជញ្ជាំង រថយន្ត ខាងក្រោយបែកក្បាល ស្លាប់យ៉ាងអាណោចអាធម៌ ។ភ្លាមៗនោះម្ចាស់រថយន្ត ឃើញសភាពមិនស្រួលបាន បើករថយន្តរត់គេចខ្លួន បានប្រមាណជាង១០០ម៉ែត្រ រួចបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញ ចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សា ទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕សារ៉េត