ឃាត់ចោរពីរនាក់រឺបអូសរថយន្តហាយឡិនឌ័រមួយគ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ

ភ្នំពេញ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពី ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ចោរលួច រហូត​ឃាត់ខ្លួន​បុរស២នាក់ បញ្ចូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​មួយគ្រឿង ស្ថិត​នៅ​ចំណុច​មុខផ្ទះ​លេខ៥៣ ផ្លូវ​លេខ៣៤៨ ភូមិ​ទី៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ ហៀន ឈឿន​ណា​រ៉ុង ភេទ​ប្រុស អាយុ២៨ឆ្នាំ។ ចំណែក​ជនសង្ស័យ​ទាំង២នាក់ដែលឃាត់ខ្លួន​រួមមាន​ទី១ មានឈ្មោះ ហាក់ សូរិយា ភេទប្រុស អាយុ២៣ឆ្នាំ  និង​ទី២ ឈ្មោះ ប៊ុន ពៅ ងាយុ២៥ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពពួកគេពិតជា​បានធ្វើ​សកម្មភាព​លួច​រថយន្តហាយ​ឡិនឌ័រ ផលិតនៅ​ឆ្នាំ២០០០ ពាក់​ស្លាក​លេខ​សៀមរាប 2A-9367ជាកម្មសិទ្ធរបស់​ជន​រងគ្រោះ​ខាងលើប្រាកដ​មែនកាលពីបីថ្ងៃមុនចាប់ខ្លួននេះ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច​ដកហូត​បានរថយន្តខាងលើប្រគល់ឲ្យជនរងគ្រោះវិញ ។ ចំណែក ជនសង្ស័យ​ទាំង២នាក់ រួមជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​នាថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ៕ប្រាថ្នា

 

 

Leave a Reply

Your email address will not be published. Required fields are marked *