ភ្នំពេញ៖ ស្ដ្រីដែលមានកូនក្នុងពោះ៦ខែធ្លាក់ពីលើអាគារប្រហែលជាន់១០ មកទើរនៅជាន់ទី៥ នៃអាគារមួយកំពុងសាងសង់ដែលស្ថិតនៅផ្លូវ ១៦៧ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ប្រហែល ៥ និង៣០នាទី ថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០១៧។
ស្ដ្រីដែលស្លាប់មានឈ្មោះ ឡុង ញ៉ាញ អាយុ២៥ឆ្នាំមុខរបរ កម្មករក្នុងការដ្ឋាន ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនីស្រុកបាភ្នំ ខេត្ដព្រៃវែង មានកូន ២នាក់ទាំងក្នុងពោះ ។ ដោយឡែកប្ដីមានឈ្មោះ ប៊ុន អូន អាយុ២៥ឆ្នាំមុខរបរកម្មករ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិអូរន់ ឃុំអូរន់ ស្រុកបឹងកេក ខេត្ដកំពុងចាម ។
បើតាមសម្ដីប្ដីបានប្រាប់អោយដឹងថា មុនពេលកើតហេតុគាត់បានអង្គុយជាមួយប្រពន្ធ(ស្ដ្រីរងគ្រោះ)នៅក្នុងការដ្ឋានដែលជាកន្លែងធ្វើការបានប្រហែលកន្លះម៉ោងខ្លួនបានសុំប្រពន្ធឡើងទៅលើការដ្ឋានជាន់ទី១០ ដើម្បីមើលឥដ្ឋ ខ្សាច់និង ស៊ីម៉ងត៍ដែលគេទុករៀបការ៉ូ ពេលគាត់ដែលគាត់កំពុងមើលឥដ្ឋ ខ្សាច់ និង ស៊ីម៉ងត៍ នោះស្រាប់តែឮសម្លេងកន្ដ្រក់យន្ដឡើង តែពេលនោះខ្ញុំមិនបានដើរទៅមើលទេ ក្រោយមកបានប្រហែលបន្ដិចខ្ញុំបានឮប្រពន្ធខ្ញុំហៅថា អាអូន នៅណា ភ្លាមនោះខ្ញុំមិនបានឆ្លើយតបវិញទេ បន្ទាប់មកខ្ញុំបានឮសូរកន្ដ្រកយន្ដទាំងខ្ញុំក៏ដើរមកមើលស្រាប់តែឃើញប្រពន្ធខ្ញុំទើរលើដែកអន្ទានដល់ជាន់ទី៥ហើយចេញហូរឈាមចុះពេលដី ឃើញបែបនេះខ្ញុំបានស្រែកហៅអោយគេជួយ តែមិនដឹងជួយធ្វើយ៉ាងម្ដេច ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្ដង ។
ក្រោយមកសមត្ថកិច្ចជំនាញមកដល់កន្លែងកើតហេតុនិងបានដាក់ស្ដ្រីរងគ្រោះចុះមកជាន់ទី៥ដើម្បីធ្វើកោសល្យវិច្ឆ័យលើសាកសពរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងម្ដាយនិងកូនក្នុងពោះ ៕បញ្ញា