


ភ្នំពេញ៖ ស្រី្តចំណាស់ម្នាក់ជិះម៉ូតូទៅផ្សារម្នាក់ឯង អនិច្ចារ្យ ស្រាប់តែកើតមានអាការៈងងឹតមុខខ្យល់គ ដួលរបួសធ្ងន់សន្លប់ស្តូកស្តឹងភ្លឹង ផ្អើលប្រជាពលរដ្ឋ ជួយហៅរថយន្តសង្រ្គោះដឹកយកទៅព្យាបាលដើម្បីសង្គ្រោះអាយុជីវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
ស្រ្តីដែលជាជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ សន្លប់ឈឹង ហើយរកសាច់ញាតិមិនទាន់ឃើញ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-4515 ជាមធ្យោបាយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម្នាក់ឯង ហើយធ្លាប់ឃើញមុខ នៅម្តុំភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ តែទោះជាយ៉ាងណាក្តី នៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ មានអាយុប្រហែលជាង៤០ឆ្នាំ។
តាមប្រភពដដែលបានបន្តទៀតថា មុនកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមផ្លូវ៣០ម៉ែត្រក្នុងទិសពីកើតទៅលិច ក្នុងគោលបំណង់ឆ្ពោះទៅផ្សារបុរីសន្តិភាព២ ស្រាប់តែដល់ចំណុចកើតហេតុ ជនរងគ្រោះងងឹតវិលមុខដួលម្នាក់ឯងបោកនឹងផ្លូវបេតុង បណ្តាលឲ្យរងរបួសធ្ងន់ ដេកសន្លប់ស្តូកស្តឹង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្បែនោះជួយហៅរករថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈហៅ មន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ៕វាសនាសែនជ័យ