ស្វាងស្រាចែសពេលចូលហ្គោលឌិនសោន KTV ៣នាក់ ផឹកស្រាបៀរ៦កេស ម្ហូបក្លែម​១២ចានអស់លុយជាង៣០០ដុល្លារ

0
208

ភ្នំពេញ ៖ រឿងគួរឲ្យហួសចិត្តមួយបានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រាប់បុរស៣នាក់ដែលបានផឹកស៊ីស្រវឹងពីក្រៅនាំគ្នាចង់សប្បាយបានចូលទៅផឹកស៊ីច្រៀងកម្សាន្តលេងនៅហាងហាងខារ៉ាអូខេយីហោ ហ្គោលឌិនសោន KTV ដែលមានទីតាំងស្ថិត​នៅតាម​ផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អ្វីដែលធ្វើឲ្យ បុរស៣នាក់នេះស្វាងស្រាចែស គឺម្ចាស់ហាងបានកាប់ឆៅ ដោយចេញវិក្កយប័ត្រគិត​លុយ ឃើញផឹកអស់ស្រាបៀរ៦កេស ម្ហូបអស់១២មុខ ហើយគិតជាលុយទាំងអស់សរុបចំនួន​៣៣១​ដុល្លារឯណោះហើយគ្មានលុយសង ទើបគេទុកម៉ូតូមួយគ្រឿងបញ្ចាំម្ចាស់ហាងនេះចាំថ្ងៃស្អែក មានលុយចាំមកលស់វិញ  ។

បុរសទាំង៣នាក់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកគាត់ផឹក ស្រវឹងពីក្រៅស្រាប់ហើយដោយចង់បន្តកម្សាន្តអារម្មណ៍ឲ្យសប្បាយទៀតក៏នាំគ្នា ចូលផឹកស៊ី ច្រៀងលេងនៅហាងខារ៉ាអូខេខាងលើ។ ក្រោយពីផឹកស៊ីអស់រយៈពេលជាងមួយ​ម៉ោងក៏ឲ្យ​ម្ចាស់ហាងគិតលុយ ស្រាប់តែគេចេញវិក្កយប័ត្រឃើញពួកគាត់ផឹកអស់ស្រាបៀរ៦កេស និងម្ហូប១២មុខ សរុបជាទឹកប្រាក់៣៣១ដុល្លារដែលជាតួរលេខមួយគ្មានអ្នកណាជឿឡើយ ព្រោះមនុស្ស៣នាក់រួមនឹងស្រីបម្រើខារ៉ាអូខេ៣នាក់ផងផឹកអស់៦កេស ស្មើ១៤៤កំប៉ុង ហើយសាច់ក្លែម១២ចាន គិតជាលុយអស់៣៣១ដុល្លារ។

បុរសទាំង៣នាក់នេះបន្តទៀតថា វាពិតជាគួរឲ្យហួសចិត្តណាស់ដែលហាងនេះ​កាប់ឆៅ​ដល់ម្លឹង តែដោយមិនចង់មានបញ្ហាពួកគាត់សុខចិត្តបញ្ចាំម៉ូតូឲ្យម្ចាស់ គ្រាដែលម្ចាស់ហាង និយាយព្រមទាំងបង្ហាញវិក្កយបត្រហូបចុកថា ពួកគាត់ផឹកស៊ីអស់ស្រាបៀរចំនួន៦កេស សាច់ក្លែម១២មុខ សរុបជាទឹកប្រាក់ ៣៣១ដុល្លារ ។ លុះមកដល់ល្ងាចថ្ងៃទី៨ខែវិច្ឆិកា ដោយ​មិន​ចង់មានបញ្ហាវែងឆ្ងាយជាពិសេសខ្លាចដឹងដល់ប្រពន្ធកូនពួកគាត់សុខចិត្ត​ទៅសម្រប​សម្រួល​គ្នាជាមួយម្ចាស់ហាងដោយសុំសងតែ៣០០ដុល្លារ បញ្ចប់រឿង ហើយយកម៉ូតូ ដែល​ហាង​ឃាត់ទុកនោះមកវិញ ។ បុរសទាំង៣សំណូមពរដល់អាជ្ញាធរដែនដី មេត្តាជួយមើលហាង ខារ៉ាអូខេមួយនេះផង កុំពូកែកាប់ឆៅភ្ញៀវខ្លាំងពេក ។

យ៉ាងណាបើតាមសម្តីអ្នកធ្លាប់ចូលហាងនេះបាននិយាយថាហាងផឹកសុី ខារ៉ាអូខេ ដែលស្ថិតនៅតាមផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ល្បីយូរមក​ហើយខាងកាប់ឆៅ កោរមិនដាក់ទឹក និងបន្លំគិតលុយភ្ញៀវ ហើយក៏ផ្ទុះកើតរឿង​ក៏ច្រើនលើក​ច្រើនសាមកហើយដែរ។ ប្រសិនបើភ្ញៀវ ចូលផឹកស្រវឹងភ្លាត់ស្នៀត ប្រាកដ​ជាធ្លាក់ចូលកណ្តាប់ដៃម្ចាស់ហាងជាក់ជាមិនខាន៕ ប្រពៃ

LEAVE A REPLY

Please enter your comment!
Please enter your name here