ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌទូលគោកចាប់ឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពប្រើប្រាស់និងចែកចាយសារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១៖២៥នាទីយប់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧ស្ថិតនៅម្ដុំលូទឹកស្អុយតាមបណ្ដោយផ្លូវ៣៣៦ក្នុងសង្កាត់បឹងសាឡាងខណ្ឌទូលគោក។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ស័ក្ត សុខរ័ត្នហៅម៉េង អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីកន្លែងកំណើតភូមិទ្រាឃុំខ្នាសស្រុកស្រីសន្ធរខេត្តកំពុងចាម។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញខណ្ឌធ្វើការតាមដានស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ រហូតថ្ងៃកើតហេតុខាងលើកំណត់មុខសញ្ញាច្បាស់លាស់ក៏រាយការណ៍ទៅលោកអធិការដើម្បីសុំគោលការថ្នាក់លើទើបចាប់ឃាត់ខ្លួនសង្ស័យព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់តូច។
តាមចំលើយសារភាពរបស់ជនសង្ស័យបាននិយាយថា ថ្នាំញៀនចំនួន២កញ្ចប់តូចនេះពិតជារបស់ខ្លួនមែន។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាលមូលដ្ឋានកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌចាត់ការបន្ត៕ខុងមុីង