ស្អែកនេះ សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖តាមការគ្រោងទុក នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ស្អែក នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។

តាមការឲ្យដឹងពីលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី២៦ហើយចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧មក។ បើតាមលោក អ៉ិត សំហេង មានកម្មករ កម្មការិនីសរុបជាង ៣០ម៉ឺននាក់ហើយ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបដោយផ្ទាល់របស់សម្តេចជាមួយកម្មករ និយោជិតនេះ មិនមែនជារឿងចៃដន្យនោះឡើយ តែជាការជួបសំណេះសំណាលមួយ ដើម្បីជំរុញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ហើយក៏ដើម្បីដឹងពី​សុខទុក្ខ​របស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *