ក្របួចក្រុមជួញដូរគ្រឿងញៀន៤នាក់រឹបអូសថ្នាំញៀនជាច្រើនកញ្ចប់

សៀមរាប: កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្រង៉ែ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនមួយកន្លែងហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់និងរឹបអូសថ្នាំញៀនជាច្រើនកញ្ចប់ និងគ្រាប់ កាលពីថ្ងៃអង្គារ១រោចខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលក្រុមទី៤ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១. ឈ្មោះ តារា វិចិត្រ ភេទប្រុស ឆ្នាំកំណើត១៩៨៧ មុខរបរគ្រូទាយ ទីលំនៅភូមិតាភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប និងទី២.ឈ្មោះ ក្លូត រតនា ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ ជនទាំងពីរនាក់នេះ បានរក្សាទុក និងជួញដូរគ្រឿងញៀន រួមទាំងមានសារធាតុញៀនក្នុងខ្លួន។
ចំណែកទី៣.ឈ្មោះ ហៀន ធី ភេទប្រុស ឆ្នាំកំណើត១៩៨៨ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាបជាអ្នក សមគំនិតជួញដូរ និងមានសារធាតុញៀនក្នុងខ្លួន និង៤. ឈ្មោះ ង៉ោ ពង្សវិសាល ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរចុងភៅ ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ប្រើប្រាស់គ្រឿងញៀន)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ម្សៅម៉ត់ពណ៌ស ប្រភេទកេតាមីន(ខេ) សរុបចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់ ២,២ក្រាម ថ្នាំគ្រាប់ប្រភេទ អ៊ិចស្តាស៊ី (ថ្នាំគ្រវី) សរុបចំនួន៧៣គ្រាប់ និង៣ចំហៀងស្មើនឹងទម្ងន់ ២៥,៧ក្រាម ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១៤ កញ្ចប់ ស្មើនឹងទម្ងន់ ៣,៨ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៤គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសុំណុំរឿងជនសង្ស័យទាំង៤នាក់ខាងលើបញ្ចូន ទៅសា​លាដំបូងខេត្តសៀមរាប ចំនួន៣នាក់ និងម្នាក់ទៀតបញ្ជូនដាក់មណ្ឌលកែប្រែខេត្ត ៕សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *