រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាខូចខាតយ៉ាងដំណំនៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម​ ៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​នៅម៉ោង​៩​និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ​ ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៣-៧៤​ ក្នុងភូមិ​តា​សែន​ ឃុំ​សូ​ទិ​ព​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​ខូច​រថយន្ត​៣​គ្រឿង​ តែពុំ​មាន​រង​របួស​មនុស្ស​ទេ​។​

មន្រ្តីនគរបាលចរាចរស្រុកជើងព្រៃបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង​រថយន្ត​ម៉ាក​ហ៊ិ​ន​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-3742​ បើកបរ​ ដោយ​ឈ្មោះ​ ទឹម​ ប្រុស​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្រា​ម​ជើង​ ឃុំ​ស្រម៉រ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ បានបើក​ពី​លិចទៅ​កើតរួច​បុក​ពីក្រោយរថយន្ត​ម៉ាក​ starex​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AP-4134​ បើកបរ​ដោយ​ឈ្មោះ​ញ៉ិល​ រក្សា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ទីលំនៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ពេលកំពុងបើក​ស្រប​ទិស​គ្នា​លិចទៅ​កើត។បន្ទាប់មក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដដែល​ បាន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​ឆ្លាម​ពាក់​ស្លាក​លេខ​ កណ្តាល​2A-4591​ បើកបរ​ដោយ​ឈ្មោះ​ ជី​ សុខ​ខេ​ម​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ទីលំនៅ​ភូមិ​ចែងម៉ែង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពេលបើក​ស្រប​ទិស​ពី​លិចទៅ​កើត។​ករណី​នេះ​បណ្ដាល​ឲ្យ​ខូច​រថយន្ត​ទាំង៣​គ្រឿងយ៉ាងដំណំតែពុំ​មាន​រង​របួស​មនុស្ស​ទេ​។​

​ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុគឺ​បណ្ដាល​មក​ពី​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយប្រើប្រាស់ ​ល្បឿនលឿន​បណ្ដាល​ឲ្យ​បុក​រថយន្ត​២​គ្រឿង​ បើក​ស្រប​ទិស​ នៅ​ខាង​មុខតែ​ម្តង​។​ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន ​អធិការ​ដ្ឋាននគរបាល​ស្រុក​ជើងព្រៃដើម្បីដោះស្រាយតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *