ម៉ូតូ​បុក​គ្នា​​រថយន្ត​​មកដល់ ​កិន​ពីលើ​ម៉ូតូ​រួច​បុក​រថយន្ត​បែន​ដឹក​ខ្សាច់​មួយ​គ្រឿង​ទៀតរបួស៥នាក់​

ខេត្ត​រតនគិរី​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ហើយខណម៉ូតូទាំងពីរគ្រឿងដួលរដូករណែល ស្រាប់តែ​មាន​រថយន្ត​បែន​បើក​មក​កិន​ពីលើ​ម៉ូតូ​រួច​បុក​រថយន្ត​បែន​ដឹក​ខ្សាច់​មួយ​គ្រឿង​ទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥ នាក់ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលា​ម៉ោង​​១០ ព្រឹកថ្ងៃ អាទិត្យ ១១  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ​ ​ នៅ​ ចំណុច​ផ្លូវជាតិ​៧៨​ ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ជង​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាលចរាចរ ស្រុកអូរជុំបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូពីរគ្រឿង មាន​ធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៧៨ បានប៉ះដៃគ្នាដួលរដូករណែលពេញផ្លូវ នៅ​ពេល​នោះសមត្ថកិច្ច​នគរបាលចរាចរបានចុះទៅវាស់វែងដល់កន្លែងកើតហេតុ គាប់​ជូន​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ ប្រភេទ​បែន​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​បាន​មក​កិន​ពីលើ​ម៉ូតូ​ ហើយ​ក៏​ជ្រុលទៅបុក​រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​ ដែលធ្វើដំណើរ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ហើយ​រេ​ចង្កូត​បុក​ដើមឈើ​ដែល​នៅ​ក្បែរ​ចិញ្ចើមថ្នល់បណ្តាលឲ្យខូចខាតយ៉ាងដំណំ ​ ។​
​ប្រភពដដែលបន្តថា ក្នុងឧប្បត្តិហេតុនេះមានមនុស្ស​រង​របួស​ចំនួន​៥​នាក់ក្នុងនោះមាន​ ស្រី​២​នាក់​ ត្រូវ​បាន​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរីដើម្បីសង្គ្រោះ​។ រីឯម៉ូតូ​២​គ្រឿង​ ​និង​រថយន្ត​២គ្រឿងត្រូវបានប្រគល់​ជូន​កម្លាំង​ជំនាញ​ការិយាល័យនគរបាល​ចរាចរណ៍​ខេត្ត​ដោះស្រាយ​តាម​នីតិវិធី​​ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *