សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដៅយមានការចូលរួមពីសំណាក់វាគ្មិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់ ជាអ្នកដឹកនាំមកពីស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន សហគមន៍សិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ជាច្រើន ។

តាមសេចក្តីប្រកាសព័ត៌មានបានបង្ហាញថា សន្និសីទចក្ខុវិស័យឆ្នាំនេះ រៀបចំឡើងចំពេលល្អណាស់ ដោយមានប្រធានបទពាក់ព័ន្ធនឹងតម្រូវការអភិវឌ្ឍន៍វិទ្យសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីជួយឲ្យប្រទេសកម្ពុជាត្រៀមខ្លួនបានល្អ អាចដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗទៀត។ តួយ៉ាងប្រទេសចិន ឥណ្ឌា សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី សុទ្ធតែបានប្រើប្រាស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គួបផ្សំនឹងការបើកទូលាយផ្នែកពាណិជ្ជកម្ម ដើម្បីកែប្រែពង្រីកសេដ្ឋកិច្ចខ្លួន និងពន្លឿនកំណើន និងវិបុលភាពប្រទេស។ ដូចគ្នានេះដែរ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានភាពជោគជ័យអាចជួយរុញច្រានកម្ពុជាឲ្យសម្រេចចក្ខុវិស័យឡើងជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សន្និសីទនេះមានអនុប្រធានបទជាច្រើនសំដៅបំផុសការពិភាក្សាយ៉ាងសកម្មភាពអំពីជម្រើសគោលនយោបាយ និងអាទិភាពនានា សម្រាប់ឲ្យប្រទេសកម្ពុជាលើកកម្ពស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីជំរុញឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ អនុប្រធា​នបទមានការពិនិត្យ ពីបទពិសោធន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៅអាស៊ីខាងកើត ដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយជោគជ័យ ដើម្បីពន្លឿនឧស្សាហូបនីយកម្ម និងកំណើន, ពីតួនាទីតួអង្គសំខាន់ៗខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (ដូចជាក្នុងការធ្វើផែនការ និងក្របខណ្ឌច្បាប់ និងស្ថាប័ន), ពីកត្តាផ្តល់ជោគជ័យសំខាន់ៗ និងពីតួនាទីនៃមូលធនមនុស្សក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាច្រើន៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *