កូនប្រុសលោកស្នងការរងនគរបាលខេត្តព្រៃវែង រងបណ្តឹងចាប់រំលោភនិងបង្ខាំងនារីម្នាក់

ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានពីខេត្តព្រៃវែងបានទម្លាយឲ្យដឹងថា មន្ត្រី​នគរបាលពាក់ស័ក្ដិ​២​ម្នាក់ ប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ចាម ស្រុក​កំពង់ត្របែក ដែលគេដឹងថា​​ជា​កូនប្រុស​បង្កើត​របស់​លោក​ស្នងការ​រង​ទី​១ខេត្តព្រៃវែង ​ត្រូវ​​រង​ការ​​​ចោទ​ប្រកាន់ពីនារីរងគ្រោះម្នាក់ថាបាន​​ ចាប់រំលោភនិង​បង្ខាំង​នាង​ទុក​សម្រាប់​រំលោភសេពសន្ថវៈ​អស់​រយៈពេល​ជាង​៤​ខែមកហើយ​ ។ ​មិន​​តែប៉ុណ្ណោះ បាន​រៀប​គម្រោង​លក់​នាង​ឱ្យ​ទៅ​ឱ្យ​ប្រុស​ផ្សេង និង​គំរាម​បាញ់​សម្លាប់​​នាង​​ទាំង​ពូជ​ទៀតផង ទើបនាងទ្រាំមិនបានដាក់ពាក្យបណ្តឹងទៅលោកអធិការ នគរបាលស្រុកកំពង់ត្របែក ជួយដោះស្រាយតាមច្បាប់  ។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសដែលរង​ការ​​ចោទឈ្មោះ ឌឹ​ម មក​រា ជាមន្ត្រី​នគរបាល​ មាន​ឋានន្តរស័ក្ដិ​ជា​អនុសេនីយ៍ទោ បម្រើការ​នៅ​ប៉ុស្ត៍​រដ្ឋបាល​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និងត្រូវ​ជា​កូនប្រុស​បង្កើត​របស់​លោកឧត្ដម​សេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ស្នងការ​រង​ខេត្តព្រៃវែង​ ។ ចំណែក​ឯ​នារី​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ ។​

បុរសដែល​រង​ការ​ប្តឹង​ចោទប្រកាន់ពីនារីអាយុ១៦ឆ្នាំខាងលើ​ បាន​ប្រាប់ ​​ថា រូបគាត់​ពិតជា​មាន​ទំនាក់​ទំនងស្នេហានិងធ្លាប់រួមភេទ​ជាមួយ​នារី​រង​គ្រោះ ប្រាកដ​មែន ប៉ុន្តែ​រូបគាត់​មិន​បាន​ចាប់រំលោភនាង​ដូច​ការ​ចោទ​ប្រកាន់នោះ​ទេ គឺ​ពួក​គាត់ស្រលាញ់​ព្រមព្រៀង​គ្នា​ទាំង​សងខាង តាំងពី ​អំឡុង​ដើមឆ្នាំ​2018​ មកម្ល៉េះ  ។

​ពាក់ព័ន្ធករណីនេះ លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ឱ្យ​​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី១០ ឧសភា​ឆ្នាំ២០១៨ ថា កាលពី​ព្រឹក​ថ្ងៃ៩​ ឧសភា ឆ្នាំ២០១៨ ភាគី​ខាង​នារី​ដែល​អះអាង​ថា​ ត្រូវ​គេ​ចាប់រំលោភ​នោះ បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ហើយ។ ​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​របស់លោកកំពុង​ហៅ​ភាគី​ទាំង​២​ មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែកដើម្បីដោះស្រាយតាម​និ​តិ​វិធី​ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *