


ខេត្តកណ្ដាល ៖ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកម៉ូតូត្រូវម្ចាស់ឃើញទាន់ស្រែកអោយប្រជាពលរដ្ឋជួយចាប់ប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦ វេលាម៉ោង០៨:៣០នាទី ស្ថិតភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកឯជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត
ប្រាកដស្នាក់នៅផ្ទះជួលសង្កាត់វាលវង់ (រាជធានីភ្នំពេញ) ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1K-1770 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញ បានទុកម៉ូតូនៅមុខផ្ទះមិនបានដកកូនសោរចេញទេ រួចក៏យកម្ហូបទុក ហើយបានបោសសម្អាតក្នុងផ្ទះ ។ ពេលនោះជនល្មើសបានចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថាចោរៗ ឲ្យគេជួយ ហើយបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនល្មើសបាន
ភ្លាមៗ ហើយព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់ ។ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះទៅដល់នាំជនល្មើស មកមន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្ត ចាត់ការតាមនីតិវិធី ៕សារ៉េត