ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់បានលោតសម្លាប់ខ្លួនមកក្រោមឮសូរប្រាវ ប្រជាពលរដ្ឋជាច្រើននាំគ្នារត់ចេញមកមើល ស្រាប់តែប្រទះឃើញបុរសម្នាក់នេះបែកក្បាលស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់គឺជាមនុស្សញៀនថ្នាំ ហើយកន្លងមកខាងសាលាខណ្ឌដូនពេញធ្លាប់ចាប់បានចំនួន២ដងបញ្ជូនទៅមជ្ឈមណ្ឌលឱអាកាសខ្ញុំ រួចមកហើយ ។
ប្រភពបន្តថា មុនពេលកើតហេតុអ្នកនៅក្បែរកន្លែងកើតហេតុគាត់បានឮសំឡេងប្រាវក៏នាំគ្នារត់ចេញទៅមើល ស្រាប់តែឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រមាណជា២៦ឆ្នាំ បានដួលបោកក្បាលស្លាប់បាត់ទៅហើយ ភ្លាមៗនោះនគរបាលប៉ុស្តិ៍ចតុមុខ និងមន្ត្រីសាលាខណ្ឌដូនពេញបានមកដល់កន្លែងកើតហេតុ ដើម្បីជួយសំរួលចរាចរណ៍កុំឲ្យកកស្ទះ ។
យោងតាមការពិនិត្យរបស់មន្ត្រីកោសល្យវិច្ច័យដែលបានចុះទៅដល់កន្លែងកើតហេតុបាន ឃើញស្នាមជើងជាន់នៅលើដំបូលផ្ទះប្រជាពលរដ្ឋដែលជាដំបូលសង្ក័សី ទើបជំនាញសន្និដ្ឋានថា បុរសដែលស្លាប់ខាងលើនេះបានលោតចុះដោយខ្លួនឯងបោកក្បាលស្លាប់ មិនមាននរណាច្រានទម្លាក់នោះទេ ៕ អូន ធួក