ចាប់បានម្នាក់ រត់រួចម្នាក់ ករណីប្រើទិញម៉ូតូ រួច​ឡើងជិះសាក បែរជាជិះគេចខ្លួន

ខេត្តក្រចេះ៖ សមត្ថកិច្ចចំនួន២ខេត្តបានសហការគ្នា តាមក្របួចបានម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ បន្ទាប់ពីបានប្រើល្បិចធ្វើជាមកសួរតថ្លៃរកទិញម៉ូតូ​ ហើយឲ្យ​បក្ខពួកម្នាក់ឡើងជិះសាក បែរជាជិះគេចខ្លួនបាត់តែបានជាង១ម៉ោង​ ត្រូវបានសមត្ថកិច្ច តាមក្របួចបានម្នាក់ ឯម្នាក់ទៀត គេចខ្លួនបាត់ ។

ករណីលួចម៉ូតូខាងលើ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហេង សុធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជន​ជាតិខ្មែរ ស្ថិតនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលស្រុក ស្នួល បានឲ្យដឹងថា ជនសង្ស័យ២នាក់នោះមាន ទី​១/ឈ្មោះ អាន សេងហ៊ន់ ហៅ ប្រុក ភេទប្រុស អាយុ៣៤ឆ្នាំ ជន​ជា​តិខ្មែរ រស់នៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) និង២/ មិនស្គាល់ ឈ្មោះ ជាអ្នករត់ម៉ូតូឌុប ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជន​ជាតិខ្មែរ រស់នៅខេត្តក្រចេះ កំពុងគេចខ្លួន។

ជនរងគ្រោះបានឲ្យដឹងថា  មុនពេលកើតហេតុ គាត់បានទុកម៉ូតូម៉ាកហុងដា អ៊ិចស៊ិនទ័រ ពណ៌ក្រហម នៅខាងមុខផ្ទះដោយមានសោជាប់នឹងម៉ូតូស្រាប់។បន្ទាប់មក ជនសង្ស័យម្នាក់ជាអ្នករត់ម៉ូតូឌុប បានប្រើល្បិចមកសួរតថ្លៃរកទិញម៉ូតូនេះ ហើយបានទូរសព្វ័ហៅបក្ខពួកម្នាក់ទៀតឈ្មោះ អាន សេងហ៊ន់ ហៅប្រុក មកសាកម៉ូតូខាងលើ រួចក៏ជិះគេចខ្លួនបាត់តែម្តង ។

ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះភ្លាម កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជា​មួយ​កម្លាំង​នគរបាលស្រុកមេមត់ ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ តាមរកឃាត់ខ្លួនបាន ជនសង្ស័យ​ម្នាក់ ឈ្មោះ អាន សេងហ៊ន់ ហៅប្រុក នៅវេលាម៉ោង៣និង២០នាទីរសៀល​ថ្ងៃដដែល នៅ ចំណុចភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួចនាំខ្លួន​មកអធិការដ្ឋាននគរបាល ស្រុកស្នួល ដើម្បីធ្វើការសាកសួរ ចំណែកពូម៉ូតូឌុបគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យម្នាក់នេះត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាន​នគរបាលស្រុកស្នួល ដើម្បីបន្តតាមនីតិវិធី៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *