ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខណ្ឌសែនសុខ

ក្នុងឱកាសនោះលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិត ដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មានចំនួន ១៥,៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ មកពីខណ្ឌឫស្សីកែវចំនួន៩ ខណ្ឌជ្រោយចង្វាចំនួន៣ ខណ្ឌព្រែកព្នៅចំនួន៤ និងខណ្ឌពោធិ៍សែនជ័យចំនួន១។

បើតាមលោក អ៉ិត សំហេង រោងចក្រ សហគ្រាសទាំង១៧នេះ វិនិយោគដោយជនជាតិចិនចំនួន១២, វិនិយោគដោយកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និងវិនិយោគដោយជនជាតិខ្មែរចំនួន២។ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, ផលិតស្បែកជើងចំនួន២, តម្បាញ១, ផលិតស្រោមដៃចំនួន១ និងបោកគក់ចំនួន១។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

 

លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤,៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២,៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់​ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិត​ចំនួន ៤០៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៨០លានដុល្លារក្នុងមួយឆ្នាំ  ។

ជួបជាមួយ កម្មករ កម្មការិនី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ ឲ្យបានកាន់តែប្រសើរថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដើម្បីលើកស្ទួយជីវភាពកម្មករកាន់តែប្រស់រឡើង ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *