ព្រៃវែង៖ រថយន្តដឹកទឹកផ្លែឈើមួយគ្រឿងបានក្រឡាប់កិនបែកក្បាលបុរស ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក KiA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6342 បើកដោយជនមិនស្គាល់ឈ្មោះ (គេចបាត់) បើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្វេងកៀរម៉ូតូម៉ាក HONDA គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ព្រៃវែង 1A-1614 បើកដោយឈ្មោះ ស្ងួន នឿន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះ ត្រូវបានរថយន្តកិនបែកក្បាលស្លាប់ នៅកន្លែងកើតហេតុ ទាំងពាក់មួកសុវត្ថិភាព ហើយបច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូនៅកន្លែងកើតហេតុ កំពុងធ្វើការស្ទូចយកមករក្សាទុក នៅប៉ុស្តិ៍កំពង់សឹងរង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕ សំបូរ
