ឃាតក កាប់បុរសចំណាស់ជាច្រើនកាំបិត ទម្លាក់ទឹកប្រឡាយចោទថាចេះអាបធ្មប់

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានជនសង្ស័យជន ដៃដលរស់នៅក្បែរផ្ទះគ្នា លបកាប់ជាច្រើនកាំបិត ទៅលើក្បាល មុខ និងដងខ្លួន បណ្តាលឲ្យដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ដោយសង្ស័យមានគំនុំថាជនរងគ្រោះចេះធ្វើអំពើអាបធ្មប់ ហើយឃាតកទម្លាក់សាកសព ទៅក្នុងទឹកប្រឡាយ និងបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិក្នុងហេតុការឃាតកម្មដ៏សាហាវនេះ។

សាកសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោងប្រហែល៧យប់ ក្បាលព្រលប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំនុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយជនសង្ស័យ ប្រើប្រាស់កាំបិតខ្វែវ ជាអាវុធ កាប់សម្លាប់ជនរងគ្រោះ ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្រោយពីកើតហេតុ កម្លាំងសហការ ដឹកនាំដោយ វរៈសេនីយ៍ឯក ទិត សំណាងស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ចុះពិនិត្យទីតាំងកើតហេតុ ដោយជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះសាំង សេន ភេទប្រុស អាយុ60ឆ្នាំ មានទីលំនៅភូមិសំពៅមាស ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រឡាយទឹកមានស្នាមកាប់ត្រូវចំក្បាល-ដងខ្លួន-និងករជាច្រើនកាំបិត ដោយករណី មនុស្សឃាតនេះ ត្រូវបាន សន្និដ្ឋានជំហ៊ានដំបូង ថាជារឿងគំនុំ។

លោកវរសេនីយ៍ឯក ខេន ឈុនគ័រ បានឲ្យដឹងថា ករណីឃាតកម្មនេះ កម្លំាងនៃអធិការស្រុកកំពង់ស្វាយ ចំណុះឲ្យស្នងការនគរបាល ខេត្តកំពង់ធំ កំពុងតែដុតដៃ ដុតជើង ស្រាវជ្រាវបន្ត រហូតទទួលបានមុខសញ្ញាហើយ ដោយទទួលបានការណែនាំ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ ហើយនិងសុំគោលការអនុវត្តនិតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យមកទទួលទោសតាមផ្លូវច្បាប់៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *