កុមារីអាយុ៨ឆ្នាំលិចអូប័រលង់ស្លាប់២ថ្ងៃទើបរកសពឃើញ

ខេត្តកំពត៖  ក្មេងស្រីម្នាក់ដែលជិះអូប័រជាមួយគ្រួសារហើយលិច បណ្តាលឲ្យបាត់ខ្លួនរហូត​នោះ មកដល់ពេលព្រឹក​ ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ក្រុមគ្រួសារបានរកឃើញសពនាងអណ្តែតហើយ បន្ទាប់ពីបាត់ខ្លួនអស់ពេល២ថ្ងៃរួចមក។

គួររំលឹកថា​កាលពី​យប់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ជាទី​នៃ​បណ្តុំ​តំបន់​ទេសចរណ៍​ទឹកឈូ ហើយកុមារី​រងគ្រោះត្រូវបានគេស្គាល់​ឈ្មោះ វ៉ា​វ អេ​ន​ជី អាយុ ៨ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅ​រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នក​ភ្នំពេញ​មួយ​គ្រួសារ​មាន​គ្នា​ប្រាំ​បីនាក់​បានមក​ដល់ក​ន្លែ​ង​កម្សាន្ត​ជិះ​ខ្សែ​រ៉​ត និង​បន្ត​ដោយ​ជិះ​អូប័រ​ក្នុង​ដំណើរ​ទៅ​ជួប​សួរសុខទុក្ខ​សាច់ញាតិ​នៅ​ភូមិ​មាត់ពាម ឃុំ​មាក់ប្រាង​ស្ថិតនៅ​ត្រើយ​ខាងជើង។ លុះដល់​ម៉ោង​ប្រហែល៧ និង៣០នាទី​យប់​ថ្ងៃ​ដដែល ភ្ញៀវ​ទាំងនោះ​ក៏​វិល​ត្រឡប់មកវិញ​ដោយ​ជិះ​អូប័រ​ដដែល។ ចៃដន្យ​គ្រាន់តែ​ដល់​ត្រឹម​ពាក់​កណ្តាលស្ទឹង អូប័រ​បាន​លិច​ធ្វើឱ្យ​អ្នកដំណើរ​ស្រែក​ទ្រហឹងអឺងកង ឮ​ដល់​អ្នកជិតខាង​ទើប​ប្រញាប់ប្រញាល់​នាំគ្នា​យក​ទូក​ម៉ាស៊ីន​មកជួយ​សង្គ្រោះភ្លាមៗ ហើយ​ស្រង់​បាន​មនុស្ស​ប្រាំ​បីនាក់​រួមទាំង​អ្នកបើក​អូប័រផងប៉ុន្តែពួកគេ​បាត់​កុមារី​វ័យ៨ឆ្នាំ​ម្នាក់។មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា រហូតមកដល់​ម៉ោង៣ និង៣០នាទី រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ការ​តាម​ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ​នៅឡើយ​ទេ។ លុះមកដល់ព្រឹកថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ ទើបឃើញសពអណ្តែតឡើង ក្រុមគ្រួសារបានត្រឹម ស្រែកទ្រហោរយំសោកស្តាយយ៉ាងក្តុកក្តួល និងយកសពទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រ​ពៃណីប៉ុណ្ណោះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *