ឃាត់ខ្លួនស្រី្ត២នាក់ជាមួយកញ្ឆាក្រៀមជាង១០គីឡូក្រាម

ខេត្តតាកែវៈ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក គិរីវង់ បានឲ្យដឹងថា  ដោយ​អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ​បាលខេត្ត ក្នុងការបង្រ្កាបបទល្មើ​សឲ្យដូចភ្លៀងរលឹមនោះលោក បានដឹកនាំកម្លាំងជំនាញ​របស់អធិការដ្ឋាននគរបាលស្រុក ចុះ​បង្រ្កាបករណីដឹកជញ្ជូន​កញ្ឆាក្រៀមខុសច្បាប់​មួយករណី​ថ្មី ដោយដកហូតបានកញ្ឆាក្រៀមជាង១០គីឡូក្រាម និងឃាត់បានស្រី្តពាក់ព័ន្ធ២នាក់ ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើង​នៅវេលាម៉ោង៧និង៣៧នាទីយប់ថ្ងៃអង្គារ ១៤កើ​ត ខែ​អស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅត្រង់​ចំណុច​ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកអធិការ បានបន្តឲ្យដឹងថា ក្រោយពេលប្រតិបត្តិការបង្រ្កាបជាក់ស្តែង សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ឈ្មោះ គ្រួយ ស៊ីវទាង ភេទស្រី អាយុ៣០​ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និង ឈ្មោះ ភាព លាងហ៊ត ភេទស្រី អាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា ខណដែលស្រ្តីទាំង២នាក់​ដឹកកញ្ឆា​ក្រៀមជាង​១០គ-ក្រ បម្រុងយកទៅលក់នៅប្រទេសវៀតណាម ។ ជាមួយនេះដែរក៏ដកហូតវត្ថុតាង រួមមាន ៖ កញ្ឆាក្រៀម១១គីឡូក្រាម និងម៉ូតូ១គ្រឿង ម៉ាកហុងដាស្គូពី​ ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GU-3756។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរស្រី្ត២នាក់នេះបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *