ជនជាតិចិន ៤នាក់ ចូលបាញ់ប្លន់ក្នុងហាងលក់គជ់ សមត្ថកិច្ចចាប់បានម្នាក់ និង៣នាក់ទៀតកំពុងរត់គេចខ្លួន

0
106

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ សុទ្ធតែជាជនជាតិចិន ដែលបានធ្វើសកម្មភាពចូលបាញ់ប្លន់ នៅក្នុងហាងលក់គជ់ ហីហី មួយកន្លែងបង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈពួកគេមានកាំភ្លើងខ្លីម្នាក់មួយដើម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ១១កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងហាងលក់គជ់ ហីហី ស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ​មាន​១-​ឈ្មោះ JIANWEI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ XUE DANFENG ភេទ​ស្រី អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​២​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា មានមុខរ​បរជា​អាជីវករ​លក់​គុ​ជ ស្នាក់​នៅ​ក្នុង​ហាង​លក់​គុ​ជ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ខេត្ត FUJIAN ប្រទេស​ចិន ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានជនជាតិចំនួន៤នាក់ បានធ្វើសកម្មភាពចូលទៅក្នុងហាងគជ់ខាងលើរួចសម្លុតម្ចាស់ហាងឲ្យយកលុយប្រគល់ឲ្យពួកគេ។ គ្រានោះម្ចាស់ហាងបានស្ទុះទៅបិទទ្វារនិងចាក់សោមិនឲ្យក្រុមចោរចេញរួច តែភ្លាមនោះដែរ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីម៉ាករូឡូ ពីចង្កេះបាញ់សោទ្វារចំនួន២គ្រាប់ឲ្យរបូត រួចជននេះបានរតគេចខ្លួនបាត់ទៅរួមជាមួយបក្ខពួក២នាក់ទៀត តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចមិនទាន់រួមជាមួយកាំភ្លើងខ្លីមួយដើមម៉ាកកា៥៩ដែរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យទៅដល់ចាប់ខ្លួនបានតែម្តង។ ក្នុងនោះដែរសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ទៀតជាបណ្តោះអាសន្ន(ជនទី៣)ដែលឋិតនៅក្នុងហេតុការណ៍នេះ។ ប៉ុន្តែក្រោយពីឃាត់ជនសង្ស័យទី៣នាក់មកសាកសួរ ឃើញថាជននេះមិនពាក់ព័ន្ធទេ ជាអ្នកជិតខាងទៅលេងផ្ទះជនរងគ្រោះ ទើបឲ្យក្រុមគ្រួសារមកធានាយកជនទី៣នេះទៅផ្ទះវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះជនរងគ្រោះមិនបាត់បង់ទ្រព្យទេ ហើយជនដៃដល់ដែលគេចខ្លួននោះ ត្រូវបានសមត្ថបានសហការគ្នាឡោមព័ទ្ធចាប់នៅចំណុចខាងលើភ្លាមៗដែរ តែមិនទទួលលទ្ធផលនោះទេ។

ក្រោយមកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នាំខ្លួនទៅសាកសួរដើម្បីស្រាវជ្រាវរកចាប់បក្ខពួកសេសសល់មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here