សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់បម្រើការព្យាបាលជំងឺកូវីដ១៩

0
83

បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់រហូតដល់៨៦ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្ត។

ក្នុងសារសំឡេងបញ្ជាទៅកាន់អភិបាលខេត្ត ហើយត្រូវបានចែកចាយតាមបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ «ដោយឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល»

តែទោះជាយ៉ាងសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យយកសាលារៀនសម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ និងបញ្ជាឱ្យប្រមូលកម្លាំងខិតខំតទឹក តភ្លើង រៀបចំបន្ទប់អនាម័យទៅតាមសាលារៀន ដែលនឹងត្រូវយកទៅព្យាបាលជំងឺនេះ។ សម្តេចតេជោ ក៏បានណែនាំផងដែរថា ត្រូវរៀបចំកន្លែងព្យាបាលដោយប្រមូលផ្តុំមួយកន្លែង ឬពីរកន្លែងសម្រាប់ខេត្តដែលធំ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៥នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here