ក្រឡាប់រថយន្តដឹកស្រាបៀរកម្ពុជាខ្ចាយពេញផ្លូវដោយសារអ្នកបើកបរស្ទើរភ្លើងងងុយដេក

0
98

ខេត្តកំពង់ធំ​ ៖​ កាលពី​វេលា​ម៉ោង​ ០៥​និង​៤០​នាទី​ជិតភ្លឺ ថ្ងៃទី ១២​ ខែឧសភា​ ឆ្នាំ​២០២០​ នៅលើកំណាត់ផ្លូវជាតិលេខ ០៦​ (​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន​)​ ស្ថិត​នៅ​ក្នុង​ ភូមិ​ព្រៃ​តា​ហ៊ូ​ សង្កាត់​ព្រៃ​តា​ហ៊ូ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្តដឹកស្រាបៀរកម្ពុជាក្រឡាប់ខ្លួនឯង បណ្ដាល​ឲ្យ​ចាក់ចោលស្រាបៀរកម្ពុជាមួយរថយន្តនៅរាយប៉ាយតាមផ្លូវ ប៉ុន្ដែមិនមានរបួសដល់មនុស្សឡើយ។​

​មន្ត្រី​នគរបាល​ចរាចរណ៍ក្រុង​ស្ទឹង​សែន​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែលក្រឡាប់ចាក់ចោលស្រាបៀររាយប៉ាយពេញផ្លូវនេះម៉ាកហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ខៀវ​ ស្លាកលេខភ្នំពេញ៣E.៣៥២២​ របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ស្លាកលេខភ្នំពេញ៤A.៤៨៨៩​ ផ្ទុផ្ទុកស្រាបៀរកម្ពុជាពេញរថយន្ត ធ្វើដំណើរពីត្បូងទៅជើង ដែលបើកបរដោយឈ្មោះះ សា​រ៉ាត់​ ពិ​សិត​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ខណ្ឌ ដង្កោ​ រាជធានី​ភ្នំពេញ​ ។​រថយន្តនេះក្រឡាប់ផ្ងារកង់ឡើងលើ ចាក់ចោលស្រាបៀរកម្ពុជារាប់រយកេសនៅខ្ចាត់ខ្ចាយពេញផ្លូវមើលទៅក្រហមរងាល ហើយក្រោយមកត្រូវបានគេប្រមូលយកវិញបានមួយចំនួន ក្រៅពីនេះក្រពឹតនិងធ្លាក់ចូលទឹកខូចគុណភាពដែលអ្នកនិយមស្រាបៀរកម្ពុជាមិនគួររើសយកទៅទទួលទាននោះទេ។

ជាក់ស្តែងដូចក្នុងករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មូលហេតុបឋមដែលបង្កឲ្យក្រឡាប់រថយន្តនេះដោយសារអ្នកបើកបររថយន្ដវ័យក្មេងបើកបរ​ក្នុង​ស្ថានភាព​ងងុយ​ដេក ។​
យ៉ាងណាបន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំជាបន្តបន្ទាប់ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ តែងតែ​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទូទៅ​ គ្រប់​ស្រទាប់​វណ្ណ​:​និង​មូលដ្ឋាន​ឃុំ​-​សង្កាត់​ ជា​ពិសេស​អ្នកបើកបរ​លើ​ដងផ្លូវ​ ត្រូវ​ចូលរួម​គោរព​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ក្នុង​គោលបំណង​ បង្ការ​ ទប់ស្កាត់​ កាត់​បន្ថយ​អត្រាកំនើន​ នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ថែរក្សា​បាន​ អាយុជីវិត​ ទ្រព្យសម្បត្តិ​ ឯកជន​ និង​សាធារណៈ​ ស្រប​តាម​អនុ​ក្រិ​ត្យ​លេខ​ ៣៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែ​ មីនា​ ឆ្នាំ​២០២០​ របស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here