ចេញផ្សាយ÷26.02.2021
ខេត្តកំពង់ឆ្នាំង ៖ កម្មករបូមខ្សាច់ម្នាក់មានឈ្មោះ វៃ សុវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលបូមខ្សាច់ រស់នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីខ្សាច់បានបាក់សង្កត់លើ ក្នុងពេលដែលកម្មកររូបនេះកំពុងបូមខ្សាច់ចេញពីរណ្តៅខ្សាច់មកដាក់ខាងលើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្មករប្រមាណជា៣នាក់បានចុះទៅក្នុងរណ្តៅខ្សាច់ដើម្បី រៀបចំបូមខ្សាច់មកដាក់ខាងលើ ប៉ុន្តែនៅពេលដែលកំពុងតែបូមខ្សាច់ ក៏ស្រាប់តែគំនរខ្សាច់នៅខាងលើ បានបាក់រលំចុះមកខាងក្រោមបណ្តាលឲ្យសង្កត់កម្មករ នៅក្នុងរណ្តៅខ្សាច់នោះដូចគេកប់ទាំងរស់ស្លាប់ភ្លាមតែម្តង ទោះបីកម្មករឯទៀតជួយកាយដីខ្សាច់ចេញបម្រុងសង្រ្គោះក៏ដោយ៕
សម្បត្តិ