ប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងគេលួចលក់ដីផ្លូវសាធារណ:ដើរទៅកំពង់ទឹកនៅសង្កាត់ច្បារអំពៅ២

ប្រជាពលរដ្ឋផ្ទុះការតវ៉ារឿងគេលួចលក់ដីផ្លូវសាធារណ:ដើរទៅកំពង់ទឹកនៅសង្កាត់ច្បារអំពៅ២

ភ្នំពេញ÷ប្រជាពលរដ្ឋរាប់សិបគ្រួសាររស់នៅក្រុមទី៧ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានមានប្រតិកម្ម និងជំទាស់បុគ្គលម្នាក់រួមគំនិតជាមួយរដ្ឋអំណាចមូលដ្ឋានលួចលក់ដីសាធារណ: ដីផ្លូវដើរទៅកំកំពង់ដងទឹកមានប្រវែងបណ្តោយជាង៨០ម៉ែត្រដល់ទឹកទន្លេនិង ទទឹង៨ ម៉ែត្រដែលដីនេះបានបន្សល់ទុកតាំងពីឆ្នាំ១៩៧៩មក។
ការមានប្រតិកម្មនិងជំទាស់តវ៉ារបស់ប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងលើ បន្ទាប់ពីបុគ្គលម្នាក់បានធ្វើរបងខ័ណ្ឌទទឹងផ្លូវសាធារណ:មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់និងមានបំណងយកដីនេះធ្វើជាកម្មសិទិ្ធផ្ទាល់ខ្លួន។
ស្រ្តីឈ្មោះចៅ ឡេង អាយុ ៥៩ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គ្រួសារគាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ ពោលគឺក្រោយថ្ងៃរំដោះ៧មករា ១៩៧៩មកម្ល៉េះហើយបានដឹងថាដីដែលគេរំលោភយកនេះជាដីផ្លូវសាធារណ:ដែលបងប្អូនក្នុងភូមិទុកដើរទៅងូតទឹក ឬដងទឹកទន្លេបាសាក់មកប្រើប្រាស់ជាប្រចាំថ្ងៃ។ លុះក្រោយមកដោយប្រជាពលរដ្ឋមានការអភិវឌ្ឍខ្លាំងព្រោះម្នាក់ៗមានម៉ូទ័របូមទឹកប្រើប្រាស់ដល់ក្នុងផ្ទះរៀងខ្លួនក៏ទុកផ្លូវសាធារណ:មួយនេះឲ្យនៅទំនេរធ្វើឲ្យមានដុះព្រៃស៊ុបទ្រុប។
ស្រ្តីរូបនេះបានបន្តថាលុះប៉ុន្មានខែមកនេះមានបុគ្គលម្នាក់មកធ្វើរបងបម្រុងបាំងផ្លូវមិនឲ្យប្រជាពលរដ្ឋដើរចុះទៅកំពង់ទឹកនិងមានបំណងយកដីនេះធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយអះអាងថាបានទិញពីប្រជាពលរដ្ឋយូរឆ្នាំមកហើយនិងមកដល់ពេលនេះអ្នកលក់ផ្លាស់ប្តីនោះផ្លាស់ប្តូរទីលំនៅទៅឆ្ងាយបាត់ហើយ។ដោយឃើញទង្វើបែបនេះហើយទើបប្រជាពលរដ្ឋមានប្រតិកម្មនិងផ្ទុះការតវ៉ាឡើង។
លោក គឹម បូហាណារ៉ុង អាយុ៦១ឆ្នាំ រស់នៅក្នុងក្រុមទី៧នេះដែរបានមានប្រសាសន៍ថា ” ខ្ញុំមកនៅទីនេះមុនគេគឺតាំងពីឆ្នាំ១៩៧៩ ហើយផ្លូវនេះប្រជាជនទុកដើរទៅងូតទឹក និងដងទឹកយកទៅប្រើប្រាស់ជាប្រចាំ រឿងអីបានក្លាយជាកម្មសិទ្ធិបុគ្គល? ខ្ញុំមិនឯកភាពដាច់ខាតត្រូវតែរក្សាផ្លូវនេះជាសម្បត្តិសាធារណ:ឡើងវិញ ”
ការមានប្រតិកម្មខាងលើនេះ គេសង្កេតឃើញមានការចូលរួមដោះស្រាយដោយសន្តិវិធីពីលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងមន្រ្តីភូមិបាល៣នាក់រួមនឹងម្ចាស់ដែលថាទិញដីនេះពីបុគ្គលដែលផ្លាស់ប្តូរទីលំនៅទៅបាត់យូរឆ្នាំ ដោយអវត្តលោកមេភូមិ និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅ២មិនបានចូលរួម។
លោកស្រីពេជ្រ សាកេន និងកូនប្រុសដែលអះអាងថាបានទិញដីនេះពីបុគ្គលដែលផ្លាស់ប្តូរទីលំនៅទៅបាត់យូរឆ្នាំហើយនោះបានទិញដីនេះពីបុគ្គលដែលផ្លាស់ប្តូរទីលំនៅទៅបាត់យូរឆ្នាំមកហើយនោះបាននិយាយថា គាត់បានទិញដីនេះពីគេយូរឆ្នាំមកហើយ។ លោកស្រីនិងកូនប្រុសបានបង្ហាញលិខិតស្នាមទិញលក់ដីជូនដល់លោកអភិបាលរងខណ្ឌពិនិត្យហើយគាត់បានលក់ដីនេះឲ្យគេបន្តទើបម្ចាស់ក្រោយមានបំណងធ្វើរបងបិទ។
ដោយសារការដោះស្រាយមិនឯកភាពគ្នា លោកអភិបាលរងខណ្ឌច្បារអំពៅសម្រេចលើកពេលទៅដោះស្រាយនៅសាលាខណ្ឌនាពេលក្រោយវិញដោយសុំឲ្យភាគីទាំងពីរយកឯកសាររៀងៗខ្លួនមកធ្វើអំណះអំណាង។ ប៉ុន្តែភាគីពលរដ្ឋជាអ្នកតវ៉ាបាននិយាយថាពួកគាត់មានឯកសារផ្លូវច្បាប់ឬប្លង់ឯណាមកបង្ហាញព្រះផ្លូវជាសម្បត្តិសាធារណៈយូរមកហើយ មានអ្នកណាធ្វើឲ្យ
?ដូច្នេះមានតែសាក្សីនៅរស់ដែលស្គាល់ប្រវត្តិដីផ្លូវនេះពីឆ្នាំ១៩៧៩ទេជាអ្នកដឹងរឿង។ភាគីប្រជាពលរដ្ឋអះអាងថាដីសាធារណ:មួយនេះមិនអាចក្លាយជាកម្មសិទ្ធិអ្នកណាទាំងអស់ ដោយទុកជាសម្បត្តិរួមបើពុំដូច្នោះទេប្រជាពលរដ្ឋនឹងធ្វើការតវ៉ាគ្មានទីបញ្ចប់ ជាពិសេសនឹងទៅដល់ភូមិគ្រិះសម្តេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍មិនខាន។
យ៉ាងណាមានប្រភពមួយលួចបង្ហើបឲ្យដឹងថា ដីផ្លូវសាធារណ:មួយកន្លែងនេះត្រូវបានគេឃុបឃឹតគ្នាជាប្រព័ន្ធចាប់ពីថ្នាក់ភូមិ សង្កាត់ដល់ខណ្ឌ រួមគ្នាលក់ឲ្យលោកអភិបាលរងខណ្ឌច្បារអំពៅម្នាក់(សុំមិនបញ្ចេញឈ្មោះ)ក្នុងតម្លៃមិនក្រោម៥០០០ដុល្លារនោះទេ។បានជាគេហ៊ានអះអាងបែបនេះ ព្រោះពេលចុះទៅដោះស្រាយមានភាពតក់ក្រហល់និងមិនមានវត្តមានលោកមេភូមិ និងចៅសង្កាត់ ចូលរួម៕

Leave a Reply

Your email address will not be published. Required fields are marked *