គ្រឿងស្រវឹងបំផ្លាញជីវិតនារីក្រមុំព្រហ្មចារី៣នាក់

ចេញផ្សាយ÷03.09.2021
ភ្នំពេញ ៖អ្នកណាមិនយំ អ្នកណាមិនសោកស្តាយ អ្នកណាមិនស្រណោះ? កាលបើបានរស់ជាមនុស្សដល់វ័យក្រមុំទៅហើយ បែរជាបានលាចាកលោកនេះទៅវិញ។លើសពីនេះទៀតសម្រាប់អាណាព្យាបាលជាឪពុកម្តាយវិញ ពិតជាមិនអាចទទួលយកបានឡើយកាលបើបានចិញ្ចឹមកូន ពេញរូបរាងជាទីសង្ឃឹមទៅហើយបែរជាកូនឃ្លាតគ្មានពេលត្រឡប់។
ជាក់ស្តែង ដូចជាករណីមួយនេះ
នារីពេញក្រមុំព្រហ្មចារី៣នាក់ បានលាចាកលោកនេះជាបន្តបន្ទាប់ ដោយគេអះអាងបឋមថា ពុលស្រាធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នៅក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី៣ ទល់មុខផ្សារអុីអន១ ស្ថិតក្នុងភូមិ៨ ក្រុមទី៤៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ។
សមត្ថកិច្ចបានឲ្យដឹងថានារីរងគ្រោះដែលស្លាប់រួមមាន​ ៖​
ទី១ឈ្មោះ ស្រ៊ុន​ ស្រីកា​ អាយុ ១៧ឆ្នាំ មានមុខរបរ សំអាងការ ស្នាក់នៅកន្លែងកើតហេតុ ។
ទី២​ ឈ្មោះ​ ផល​ ដាវី​ អាយុ ១៨ឆ្នាំ មានមុខរបរ សម្អាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍​ ខេត្តព្រៃវែង និងទី៣បានស្លាប់នៅឯស្រុកកំណើតមាន ឈ្មោះ​ ស្រីថៃ​ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅនឹងកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកល្វាឯម​ ខេត្តកណ្ដាល។តាមប្រភពព័ត៌មានពីកន្លែងកើតហឹតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីវ័យក្មេងៗទាំង៣នាក់ខាងលេីនេះ បាននាំគ្នាទិញស្រាយកមកក្រឡុកផឹកសុីជុំគ្នា ក្នុងបន្ទប់តាំងពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។ លុះមកដល់ព្រឹកថ្ងៃទី០២ កញ្ញា​ មាននារីម្នាក់ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទប់ជួលនៅភ្នំពេញទៅស្រុកកំណើត នៅឯអ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង ហើយខណៈដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនាងចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់ម្តាយថា​ យប់មិញនាងបាននាំគ្នាផឹកស្រាក្រឡុក។ ក្រោយមកនាងធ្វើទុក្ខកាន់តែខ្លាំង ហើយក្រុមគ្រួសារបម្រុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរតែអកុសលនាងបានស្លាប់ទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថា
បន្ទាប់មកខាងសាច់ញាតិនារីរងគ្រោះបានទាក់ទងប្រាប់ដល់សាច់ញាតិនារី២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ ដែលផឹកជុំគ្នា រួចទៅខេត្តវិញនោះស្លាប់ហេីយ។ រីឯអ្នកទាំង ២នាក់ ក៏បានប្រាប់ថា ខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរកំពុងនៅក្នុងបន្ទប់ជួល​ ។ បន្ទាប់មកម៉ោងប្រមាណជា១២ថ្ងៃត្រង់ អ្នកនៅខេត្តព្រៃវែង បានទូរស័ព្ទទាក់ទងអ្នកទាំង២ម្ដងទៀត ស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល។ ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ ក៏បានឡើងមកភ្នំពេញដល់បន្ទប់ជួល រួចបានបើកទ្វារមើលក៏ឃើញនាងៗដេកស្លាប់ទាំង ២នាក់ នៅក្នុងបន្ទប់ជួលនៅជាន់ទី៣ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ឱ្យចុះដល់ទីតាំងកើតហេតុ ព្រមទាំងក្រុមគ្រូពេទ្យមកពិនិត្យយកសំណាកតេស្តរកជំងឺកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន ក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យឃេីញថា​ នារីរងគ្រោះទាំង២នាក់បានស្លាប់ដោយសារមានសារធាតុអាល់កុលលេីសកម្រិត​ក្នុងខ្លួន​ និងធ្វេីឲ្យខូចពោះវៀន​ និងគ្រឿងក្នុង​។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន។
មរណភាពនារីវ័យក្មេងខ្ចីទាំង៣នាក់នេះ គឺជាមេរៀនមួយ សម្រាប់យុវវ័យឯទៀត គាប្បីកុំសេពគ្រឿងញៀន ឬគ្រឿងស្រវឹងក្នុងវ័យក្រមុំ កំលោះ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *