អាមេរិក កូរ៉េខាងត្បូងពិភាក្សាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើង ខណៈចិនព្រមានពីគ្រោះថ្នាក់

នាយទាហានអាមេរិក និងកូរ៉េខាងត្បូងបានព្រមានកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ថា កូរ៉េខាងជើងអាចធ្វើសកម្មភាពបង្ករឿង ជាការឆ្លើយតបចំពោះកម្លាំងទាហានអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំនោះ ខណៈដែលនាយករដ្ឋមន្ត្រីចិន ក៏បានព្រមានអំពីស្ថានការតានតឹងនេះនាំឲ្យផ្ទុះសង្គ្រាម ។

សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យនាយអគ្គសេនាធិការរួមកូរ៉េខាងត្បូង អាមេរិក បញ្ជាក់ថា នាយអគ្គសេនាធិការរួមយល់ស្របថា កូរ៉េខាងជើងអាចធ្វើសកម្មភាពបង្ករឿង នៅក្នុងអំឡុងពេលធ្វើលំហាត់សមយុទ្ធ Key Resole/Foal Eagle ឬអំឡុងពេលព្រឹត្តិការនយោបាយយ៉ាងសំខាន់របស់កូរ៉េខាងជើងក្នុងខែមេសានោះ ។

ប្រភពបន្តថា កិច្ចពិភាក្សានេះបានកើតឡើង ក្រោយទូរស័ព្ទរយៈពេល៣០នាទី ហើយភាគីទាំងពីរ កូរ៉េខាងត្បូង អាមេរិក ពិភាក្សាអំពីជម្រើសឆ្លើយតបចំពោះការគំរាមកំហែងណាមួយនោះ ។

កូរ៉េខាងជើងបានបាញ់មីស៊ីល៤គ្រាប់ទៅកាន់សមុទ្រជប៉ុនកាលពីដើមខែនេះ ជាការឆ្លើយតបការធ្វើសមយុទ្ធរួមប្រចាំឆ្នាំរបស់យោធាកូរ៉ខាងត្បូង អាមេរិក ហើយដែលកូរ៉េខាងជើងយល់ឃើញថា ជាសកម្មភាពត្រៀមធ្វើសង្គ្រាម ។ សកម្មភាពធ្វើសមយុទ្ធទ្រង់ទ្រាយធំត្រូវគេប្រកាសថា ជាការការពារខ្លួនប៉ុណ្ណោះ ។

កូរ៉េខាងត្បូងបានប្រកាសថា ទាហានចូលរួមធ្វើសមយុទ្ធឆ្នាំនេះ ប្រហាក់ប្រហែលឆ្នាំមុននោះដែរ ។ កាលពីឆ្នាំមុន ទាហានអាមេរិកប្រហែល១៧.០០០នាក់ និងទាហានកូរ៉េខាងត្បូងជាង៣០០.០០០នាក់ចូលរួមធ្វើសមយុទ្ធ ។

ចិនជាសម្ពន្ធមិត្តតែមួយគត់របស់រដ្ឋឯកោកូរ៉េខាងជើងបានសម្តែងការខឹងសម្បាការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ។ ប៉ុន្តែទោះបីយ៉ាងណា ចិនបានលើកឡើងថា កូរ៉េខាងត្បូង និងអាមេរិក គួរតែមានទំនូលខុសត្រូវចំពោះស្ថានការតានតឹងបច្ចុប្បន្ននេះឲ្យចុះកម្តៅអង្សា ហើយកិច្ចពិភាក្សាគឺជាវិធីដ៏ប្រសើរបំផុតដើម្បីដោះស្រាយបញ្ហា ។

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងកាលពីថ្ងៃទី១៥ ខែមីនាថា ស្ថានការនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងកើនកម្តៅខ្លាំងឡើង ។ ស្ថានការនេះនាំឲ្យមានជម្លោះ និងធ្វើឲ្យភាគីពាក់ព័ន្ធទាំងអស់ខាតបង់ និងគ្រោះថ្នាក់ ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីិទកាសែតនៅទីក្រុងប៉េកាំងថា យើងសង្ឃឹមថា ភាគីទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីបន្ថយស្ថានការណ៍តានតឹង នាំយកបញ្ហាដោះស្រាយគ្នាតាមរយៈការចរចាឡើងវិញ ។ ជារួមគ្មាននរណាម្នាក់ចង់ឃើញអំពើចលាចលនៅមុខផ្ទះរបស់ខ្លួនឡើយ ។

គួរប៉្ជាក់ថា អាមេរិកបានដាក់ពង្រាយរួចយន្តហោះវាយប្រហារគ្មានមនុស្សបើកប្រភេទ Gray Eagle នៅក្នុងទឹកដីកូរ៉េខាងត្បូង ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានដកស្រង់ប្រសាសន៍មកចុះផ្សាយថា ឥរិយាបថរួមគ្នាការពារ គឺត្រូវតែធ្វើឡើង ដោយសារតែស្ថានការណ៍នយោបាយនៅកូរ៉េ ។

កាលពីសប្តាហ៍មុននេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចដកតំណែងលោកស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក យុងហេ ស្របពេលដែលស្ថានការកំពុងតានតឹងជាមួយកូរ៉េខាងជើង និងចិន ៕

Leave a Reply

Your email address will not be published. Required fields are marked *